ក្រុមហ៊ុន Honda បានប្រកាសនៅថ្ងៃទី២៣ ខែមេសាថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការលក់រថយន្ត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅត្រឹមចុងឆ្នាំ២០២៦ នេះ ដោយលើកឡើងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសជុំវិញទីផ្សាររថយន្តសកល និងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងឈប់ផ្តល់ជូនរថយន្តម៉ូដែល Accord និង CR-V នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការលក់ដំបូងនៅក្នុងឆ្នាំ២០០៤។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងច្បាស់នៅឡើយ អំពីចំនួនរថយន្តដែលក្រុមហ៊ុន Honda លក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន។
ក្រុមហ៊ុន Honda កំពុងតស៊ូជាមួយនឹងការថយចុះនៃការលក់នៅក្នុងទីផ្សារសំខាន់ៗ នៅអាស៊ី ខណៈពេលដែលពួកគេប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែង រួមទាំងម៉ាកយីហោរបស់កូរ៉េ និងចិន។
ជម្រាបជូនផងដែរថា នៅក្នុងប្រទេសចិន ការលក់រថយន្តរបស់ Honda ក៏បានធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹមប្រហែលជាង ៦០ម៉ឺន គ្រឿងនៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ៦០% ពីប្រាំឆ្នាំមុន ស្របពេលការលក់របស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏បានធ្លាក់ចុះខ្លាំង កាលពីឆ្នាំមុនផងដែរ៕

