អ៊ីរ៉ង់​ អះអាងប្រទេសរបស់ខ្លួននៅតែមានមីស៊ីលជាច្រើនទៀតដែលមិនទាន់ប្រើប្រាស់

អន្តរជាតិ

ក្រសួងការពារជាតិអ៊ីរ៉ង់ បាននិយាយថាប្រទេសរបស់ខ្លួននៅតែមានមីស៊ីលក្នុងចំនួនដ៏ច្រើនទៀត នៅក្នុងស្តុក បន្ទាប់ពីជម្លោះរយៈពេលប្រាំមួយសប្តាហ៍ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយកំពុងបន្តផលិតបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ឯក Reza Talaei-Nik អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី២៥ ខែមេសាថា ៖”យើងមិនទាន់បានប្រើប្រាស់មីស៊ីលរបស់យើងច្រើននៅឡើយទេ។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែអាចរក្សាការបាញ់ប្រហារលើអ៊ីស្រាអែល រហូតដល់បទឈប់បាញ់ចាប់ផ្តើម”។

គិតចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក អ៊ីរ៉ង់បានបាញ់មីស៊ីល រាប់ពាន់គ្រាប់ ជាមួយប្រភេទផ្សេងៗគ្នា ទៅលើអ៊ីស្រាអែល និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតដើម្បីសងសឹក។ ការប្រយុទ្ធគ្នាបានបញ្ឈប់ជាបណ្តោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី៨ ខែមេសា។

យ៉ាងណាមិញ​ មន្ត្រីអាមេរិក និងអ៊ីស្រាអែលពីមុនបានប៉ាន់ប្រមាណថា ស្តុកមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាលបើប្រៀបធៀបទៅនឹងមុនពេលជម្លោះផ្ទុះឡើង ប៉ុន្តែប្រទេសនេះនៅតែមានមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមរាប់ពាន់គ្រាប់ ដែលអាចផ្លាស់ទីពីកន្លែងផ្ទុក ឬយកចេញពីកន្លែងផ្ទុកនៅក្រោមដី។

យោងតាម ឧត្តមសេនីយ៍ លោក Talaei-Nik បាននិយាយទៀតថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងក្រុមហ៊ុនឯកជនបានផលិតអាវុធជាងមួយពាន់ប្រភេទដោយឯករាជ្យ រួមទាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV)។ ក្រុមហ៊ុនឯកជនប្រហែល ៩ ០០០ កំពុងសហការជាមួយយោធាអ៊ីរ៉ង់ និងក្រសួងការពារជាតិក្នុងវិស័យផលិតអាវុធទាំងនេះ៕​