តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការចរចាជាមួយអ៊ីរ៉ង់ ដោយប្រកាសថាលោក “កាន់សន្លឹកបៀទាំងអស់ ខណៈពេលដែលអ៊ីរ៉ង់គ្មានអ្វីទាល់តែសោះ”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅព្រឹក ថ្ងៃទី ២៧ ខែមេសា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ២% ដល់ ១០៧,៥០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបរាជ័យម្តងទៀត។ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានកើនឡើងជិត ២% ដល់ ៩៦,២០ដុល្លារផងដែរ។
ជារៀងរាល់សប្តាហ៍ តម្លៃប្រេងប្រភេទ Brent បានកើនឡើងជិត ១៧% និងប្រេង WTI កើនឡើង ១៣% ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត គិតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ជាពិសេសប្រេងឆៅប្រភេទ Brent បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយ។
ជម្រាបជូនថា កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ត្រាំ បានលុបចោលផែនការបញ្ជូនបេសកជនពិសេសទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីចរចាជាមួយអ៊ីរ៉ង់។ លោកបានពន្យល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថាវានឹងជាការខ្ជះខ្ជាយពេលវេលាធ្វើដំណើរ និងការងារច្រើនពេក ខណៈពេលដែលអ៊ីរ៉ង់ហាក់គ្មានអ្វីផ្តល់ឲ្យមកអាមេរិកវិញទាល់តែសោះ៕

