អាមេរិក សម្រេចដកទ័ព ៥ ០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់

អន្តរជាតិ

មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងដកកងទ័ពប្រមាណ ៥០០០ នាក់ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលមួយឆ្នាំខាងមុខ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបង្ហាញសញ្ញានៃភាពតានតឹង។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានប្រកាសនៅថ្ងៃទី១ ខែឧសភាថា ៖”រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពប្រមាណ ៥០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។ ដោយប្រតិបត្តិការនេះ រំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៦-១២ខែខាងមុខ”។

យោងតាមលោក Parnell ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីការដាក់ពង្រាយកម្លាំងរបស់ខ្លួននៅអឺរ៉ុប ដោយពិចារណាលើតម្រូវការយុទ្ធសាស្ត្ររបស់តំបន់ ក៏ដូចជាស្ថានភាពនៅលើដី។

មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ជាសាធារណៈចំពោះអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មឺស ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា។ នៅថ្ងៃទី២៧ ខែមេសា មេដឹកនាំអាល្លឺម៉ង់រូបនេះបាននិយាយថា សហរដ្ឋអាមេរិកខ្វះយុទ្ធសាស្ត្រច្បាស់លាស់ ហើយកំពុងត្រូវបានអ៊ីរ៉ង់ធ្វើឲ្យមានភាពអាម៉ាស់។ ក្រោយមក សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ៕​