រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ខាតបង់ទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារ ដែលជាតួលេខបួនដងលើសពីចំនួនតួលេខដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Araghchi បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១ ខែឧសភា ដោយសំដៅទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថា មន្ទីរបញ្ចកោណកំពុងកុហក។ រហូតមកដល់ពេលនេះ ការលេងល្បែងរបស់លោក Netanyahu បានធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ដោយផ្ទាល់ចំនួន ១០០ពាន់លានដុល្លាររួចទៅហើយ។
មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះ ក៏បានចែករំលែកអំពីតារាងចំនួនពីរដែលបានបោះបោះពុម្ពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក និយាយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ដោយតារាងទីមួយបង្ហាញពីលទ្ធផលនៃការស្ទង់មតិរបស់ Gallup ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសា ដែលក្នុងនោះ ៥៥% នៃជនជាតិអាមេរិកដែលបានស្ទង់មតិបាននិយាយថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេកាន់តែអាក្រក់ទៅៗ ខ្ពស់ជាងឆ្នាំ២០២៥ ចំនួន ២%។ និងតារាងទីពីរ ចេញពី Wall Street Journal បង្ហាញថាបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុប ពោលគឺហួសពីកម្រិតពីមុនដែលត្រូវបានគេគិតថាអាចគ្រប់គ្រងបាន។
គួរជម្រាបជូនផងដែរថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បន្ទាប់ពីលោក Jules Hurst មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃទី២៩ ខែមេសាថា យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់រហូតមកដល់ពេលនេះ ពួកគេបានចំណាយទឹកប្រាក់អស់ត្រឹម ២៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះគឺជាការប៉ាន់ស្មានជាផ្លូវការលើកដំបូងអំពីការចំណាយផ្នែកយោធាដែលសហរដ្ឋអាមេរិកបានបញ្ចេញ ក្នុងអំឡុងជម្លោះនៅមជ្ឈិមបូព៌ា។ តួលេខនេះគឺស្មើនឹងថវិការបស់ NASA សម្រាប់រយៈពេលមួយឆ្នាំ៕

