លោក ត្រាំ ប្រកាសដំឡើងពន្ធនាំចូលលើរថយន្តរបស់អឺរ៉ុបដល់ ២៥%

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធនាំចូលលើរថយន្តពីសហភាពអឺរ៉ុប (EU) ២៥% ដោយសារតែប្លុកនេះមិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ដោយផ្នែកលើការពិតដែលថាសភាពអឺរ៉ុបបច្ចុប្បន្នមិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហដ្ឋអាមេរិក នឹងដំឡើងពន្ធនាំចូលលើរថយន្តទូទៅ និងរថយន្តដឹកទំនិញរបស់ពួកគេ ដែលនាំចូលមកកាន់ទឹកដីអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងទៀតផងដែរថា ប្រសិនបើសហភាពអឺរ៉ុប ផលិតរថយន្តទូទៅ និងរថយន្តដឹកទំនិញនៅក្នងរោងចក្រនៅសហរដ្ឋអាមេរិក នោះពួកគេមិនចាំបាច់ត្រូវបង់ពន្ធនាំចូលអ្វីនោះឡើយ។

យ៉ាងណាមិញ លោក ត្រាំ ហាក់មិនបានបញ្ជាក់ថាការដំឡើងពន្ធលើសហភាពអឺរ៉ុបនេះ ផ្អែកលើច្បាប់ណាមួយនោះទេ ដោយកាលពីខែកុម្ភៈ តុលាការកំពូលអាមេរិក បានបដិសេធពន្ធនាំចូលដែលលោកបានដាក់ ដោយផ្អែកលើច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ ច្បាប់នេះបានជំរុញឱ្យលោក ត្រាំ ឆ្លើយតបវិញដោយដាក់ពន្ធជំនួសថ្មីក្នុងអត្រា ១០% ហើយវាត្រូវបានចូលជាធរមាននៅចុងខែកុម្ភៈកន្លងទៅ។

គួរជម្រាបជូនថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានបន្តរិះគន់លើអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា លោក Merz គួរតែផ្តោតលើការដោះស្រាយបញ្ហាក្នុងស្រុក និងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាជាងការចូលមកជ្រៀតជ្រែកនៅក្នុងបញ្ហាអ៊ីរ៉ង់ដែរនោះ៕​