ប្រមុខការទូតអ៊ីរ៉ង់និយាយថា ប្រទេសចិនគឺជាមិត្តយ៉ាងពិតប្រាកដរបស់អ៊ីរ៉ង់

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីពេលថ្មីៗនេះ​ បានជួបពិភាក្សាជាមួយសមភាគីចិន ដោយលើកសរសើរទំនាក់ទំនងនេះ និងថ្លែងអំណរគុណដល់ទីក្រុងប៉េកាំងចំពោះជំហររបស់ពួកគេលើជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការប្រទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុងប៉េកាំង នៅថ្ងៃទី៧ ខែមេសានេះ​ ដោយបញ្ជាក់ថា ការបញ្ចប់ជម្លោះអ៊ីរ៉ង់ទាំងស្រុង ត្រូវតែសម្រេចបានភ្លាមៗ ហើយការបន្តជម្លោះឡើងវិញគឺជារឿងមិនអាចទទួលយកបាន។

ប្រមុខការទូតរបស់ប្រទេសចិនរូបនេះ ក៏បានបន្ថែមទៀតថា ការចរចាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ នៅតែចាំបាច់ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះរយៈពេលវែង។

មិនតែប៉ុណ្ណោះ លោក Wang បានននិយាយថា ៖” ប្រទេសចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង និងបញ្ចប់ជម្លោះ បន្តគាំទ្រការចាប់ផ្តើមកិច្ចចរចាសន្តិភាព និងដើរតួនាទីកាន់តែធំក្នុងការស្តារសន្តិភាព និងស្ថិរភាពឡើងវិញនៅមជ្ឈិមបូព៌ា។

ទន្ទឹមនឹងនេះ​ ប្រមុខការទូតអ៊ីរ៉ង់ លោក Aragchi ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះជំហរខ្លួន។ លោកថែមទាំងបាននិយាយថា ទីក្រុងប៉េកាំងគឺជាមិត្តស្មោះត្រង់របស់ទីក្រុងតេអេរ៉ង់ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ន។

គួរជម្រាបជូនផងដែរថា យោងតាមសារព័ត៌មាន ​​AFP ទីក្រុងប៉េកាំងត្រូវបានគេជឿថាបានចូលរួមដោយស្ងាត់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិរបស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនសប្តាហ៍។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួននេះ ក៏ត្រូវបានគេកត់សម្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅផងដែរ៕​