លោក ត្រាំ គំរាមវាយអ៊ីរ៉ង់ទ្រង់ទ្រាយធំ និងកាន់តែខ្លាំង បើសិនបដិសេធកិច្ចព្រមព្រៀង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ចប់ជម្លោះ ឬមួយចង់ប្រឈមមុខទៅនឹងការវាយប្រហារកាន់តែខ្លាំងពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភាថា ប្រសិនបើអ៊ីរ៉ង់យល់ព្រមនឹងអ្វីដែលបានព្រមព្រៀងគ្នា នោះប្រតិបត្តិការវាយប្រហារនឹងបញ្ចប់ ហើយច្រកសមុទ្រ Hormuz នឹងបើកចំហរសម្រាប់គ្រប់គ្នា រួមទាំងអ៊ីរ៉ង់ផងដែរ។ ប៉ុន្តែបើមិនដូច្នោះទេ យុទ្ធនាការទម្លាក់គ្រាប់បែក នឹងចាប់ផ្តើម ហើយវានឹងមានទ្រង់ទ្រាយកាន់តែធំជាងមុន។

យ៉ាងណាមិញ ជុំវិញការបង្ហោះសាររបស់លោក ត្រាំ បែបនេះ បានកើតឡើងបន្ទាប់ពីគេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ខិតជិតឈានដល់កិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា (MoU) មួយទំព័រ មាន ១៤ ចំណុច ដែលព្រាងដោយអ្នកតំណាងមជ្ឈិមបូព៌ា លោក Steve Witkoff និង លោក Jared Kushner កូនប្រសាររបស់លោក ត្រាំ រួមជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួន។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានស្នើឱ្យភាគីទាំងពីរប្រកាសបញ្ចប់សង្គ្រាម និងចាប់ផ្តើមរយៈពេលចរចា ៣០ថ្ងៃ ដោយមានគោលបំណងសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz កំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានដកស្រង់សម្តីលោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសនេះ ដោយនិយាយថា ទីក្រុងតេអេរ៉ង់ កំពុងពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក ហើយនឹងបង្ហាញជំហររបស់ខ្លួនតាមរយៈប្រទេសប៉ាគីស្ថានដែលជាអន្តរការី។

គួរជម្រាបជូនថា នៅថ្ងៃដដែលនោះ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ការចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវបានធានាសុវត្ថិភាព និងស្ថិរភាព ក្រោមនីតិវិធីថ្មី បន្ទាប់ពីការគំរាមកំហែងត្រូវបានបញ្ឈប់៕​