កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើជាអតិបតីក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Kevin Warsh ជាប្រធានធនាគារកណ្តាល (Fed) ថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ពិធីស្បថតំណែងនេះធ្វើឡើងនៅសេតវិមាន ដោយមានការចូលរួមពីឥស្សរជនលេចធ្លោជាច្រើនរូប រួមទាំងចៅក្រមតុលាការកំពូល លោក Clarence Thomas និង Brett Kavanaugh ប្រធានសភា លោក Mike Johnson និងអ្នកនយោបាយ សមាជិកគណៈរដ្ឋមន្ត្រីជាច្រើន។
លោក Warsh បានមានប្រសាសន៍បន្ទាប់ពីពិធីស្បថចូលកាន់តំណែងថា ៖”បេសកកម្មរបស់យើងនៅធនាគារកណ្តាល គឺដើម្បីលើកកម្ពស់ស្ថិរភាពតម្លៃ និងបង្កើនការងារឱ្យបានអតិបរមា”។
លោកបន្ថែមទៀតថា តាមរយៈការបន្តគោលដៅទាំងនោះ ដោយប្រាជ្ញា និងភាពច្បាស់លាស់ ឯករាជ្យភាព និងការសម្រេចចិត្ត អតិផរណាអាចទាបជាង កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ ប្រាក់ចំណូលពិតប្រាកដរបស់ប្រជាជនកាន់តែខ្ពស់ អាមេរិកកាន់តែមានវិបុលភាព និងសំខាន់ដូចគ្នានេះដែរ តំណែងរបស់អាមេរិកនៅក្នុងពិភពលោកអាចត្រូវបានពង្រឹងបន្ថែមទៀត។
ចាប់តាំងពីឆ្នាំមុនមក អតីតប្រធានធនាគារកណ្តាល លោក Jerome Powell ត្រូវបានរិះគន់ម្តងហើយម្តងទៀតដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់តាមអ្វីដែលលោកចង់បាន។
ហើយយ៉ាងណាមិញ ចំពោះពិធីស្បថចូលកាន់តំណែងរបស់ប្រធានថ្មី នៅថ្ងៃទី២២ ខែឧសភា កន្លងទៅនេះ ក៏បានបង្ហាញពីកម្រិតនៃការជ្រៀតជ្រែកដែលមិនធ្លាប់មានពីមុនមកដោយលោក ត្រាំ ជាមួយធនាគារកណ្តាលសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃអាណត្តិទីពីររបស់លោកផងដែរ។
គួរជម្រាបជូនថា លោក Warsh គឺជាប្រធាន Fed ដំបូងគេដែលបានស្បថចូលកាន់តំណែងនៅសេតវិមានចាប់តាំងពីលោក Alan Greenspan ក្នុងឆ្នាំ១៩៨៧ មក។ សូម្បីតែក្រោយពីការការប្រកាសនោះ ប្រធានាធិបតីអាមេរិក បាននិយាយថាអត្រាការប្រាក់នឹងធ្លាក់ចុះ “យ៉ាងឆាប់រហ័ស” ដែលបញ្ជាក់ពីការរំពឹងទុករបស់លោកចំពោះ Fed ក្រោមការដឹកនាំរបស់លោក Warsh៕

