ក្រុមហ៊ុន Toyota Motor នៅថ្ងៃទី២៨ ឧសភា បាននិយាយថា ការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួន បានធ្លាក់ចុះសម្រាប់ខែទីបីជាប់ៗគ្នា គិតត្រឹមមេសា ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការ នៅក្នុងប្រទេសចិន និងមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ បានធ្លាក់ចុះ ៣,១% មកនៅត្រឹម ៨៤៩ ៣០៦ គ្រឿង។ ការលក់នៅក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ៧,៥% ខណៈដែលការលក់នៅប្រទេសជប៉ុនបានកើនឡើង ២៤,២% ។
តាមតំបន់ ការលក់របស់ក្រុមហ៊ុន Toyota នៅមជ្ឈិមបូព៌ាបានធ្លាក់ចុះ ៣៣,៧% មកត្រឹមជាង ៣១ ០០០ គ្រឿង និងនៅក្នុងប្រទេសចិន ធ្លាក់ចុះ ២៥,៤% ចំពេលមានស្ថានភាពទីផ្សារដ៏លំបាក។ នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ Toyota វិញ ក៏បានធ្លាក់ចុះអស់ ៤,៦% ផងដែរ។
គួរជម្រាបជូនផងដែរថា ផលិតកម្មសកលរបស់ Toyota បានកើនឡើង ២% នៅក្នុងខែមេសា ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការកើនឡើងនៃផលិតកម្ម ១២,៩% នៅអាស៊ីបានជួយទូទាត់សងការធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងជប៉ុន៕

