យន្តហោះគ្មានមនុស្សបើកតម្លៃជាង ៣០លានដុល្លាររបស់អាមេរិក ត្រូវបាញ់ទម្លាក់ដល់ដី នៅយេម៉ែន

អន្តរជាតិ

កងកម្លាំង Houthi ត្រូវបានគេសង្ស័យថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅលើទឹកដីយេម៉ែន ដែលបណ្តាលផ្ទុះឆេះធ្លាក់មកដល់ដីភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Space Forces។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ​ ប៉ុស្តិ៍ទូរទស្សន៍ Al-Masirah ដែលដំណើរការដោយកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែន បានរាយការណ៍នៅថ្ងៃទី២៩ ខែឧសភា ដោយដកស្រង់ប្រភពក្នុងស្រុកថា យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ MQ-9 Reaper របស់សហរដ្ឋអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលប្រឆាំងយន្តហោះ ខណៈពេលកំពុងប្រតិបត្តិការនៅលើខេត្ត Marib។

Al-Masirah បានរាយការណ៍ទៀតថា នេះជាយន្តហោះ MQ-9 របស់អាមេរិកទី២៥ ដែលត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសយេម៉ែន។

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមប្រភពបើកចំហ MenchOsint បានបង្ហោះវីដេអូនៅថ្ងៃដដែលដែលបង្ហាញពីយន្តហោះមួយគ្រឿងកំពុងឆេះ ធ្លាក់មកដីនៅក្នុងខេត្ត Marib។ បន្ទាប់មកមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញវត្ថុដែលមានផ្សែងនៅលើដី ដែលហាក់ដូចជាកន្លែងធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក។

យ៉ាងណាក៏ដោយ ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក ហាក់មិនបានធ្វើអត្ថាធិប្បាយណាមួយជុំវិញព័ត៌មាននេះនៅឡើយទេ។

យន្តហោះ MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកយោធាដែលផលិតដោយក្រុមហ៊ុន General Atomics របស់អាមេរិកសម្រាប់កងទ័ពអាកាសអាមេរិក។ វាអាចហោះហើរនៅរយៈកម្ពស់លើសពី ១៥ ០០០ ម៉ែត្រ និងអាចដំណើរការរហូតដល់ ២៤ម៉ោង។ វាសមត្ថភាពក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ការឈ្លបយកការណ៍ និងតួនាទីវាយប្រហារ។ សេវាស្រាវជ្រាវសភាអាមេរិក បានប៉ាន់ប្រមាណថា MQ-9 នីមួយៗមានតម្លៃពីរោងចក្រប្រហែល ៣០លានដុល្លារ។

គួរជម្រាបជូនផងដែរថា ចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រដាប់អាវុធ Houthi បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Reaper របស់អាមេរិកជិត ២០ គ្រឿង ដែលបណ្តាលឱ្យខូចខាតប្រមាណជាង ៥០០លានដុល្លារ៕