ប្រទេសម៉ាឡេស៊ី បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មអាហារសមុទ្ររបស់ប្រទេសថៃ ដោយហាមឃាត់ការនាំចូលបង្គាសំខាន់ៗពីប្រទេសនេះ ខណៈវិធានការនេះបានកើតឡើងចំពេលមានជម្លោះរវាងប្រទេសទាំងពីរលើសុវត្ថិភាពចំណីអាហារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK World។

គួរឲ្យដឹងថា ការហាមឃាត់នេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយគ្របដណ្តប់លើប្រភេទអាហារសមុទ្រចំនួនប្រាំប្រភេទ។ ក្រសួងកសិកម្ម និងសន្តិសុខចំណីអាហាររបស់ប្រទេសម៉ាឡេស៊ីនិយាយថា វិធានការនេះនឹងនៅតែមានសុពលភាពរហូតដល់អាជ្ញាធរថៃឆ្លើយតបទៅនឹងការសាកសួរអំពីសុវត្ថិភាពចំណីអាហារ។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ អ្នកចិញ្ចឹមបង្គានៅក្នុងប្រទេសថៃកំពុងជំរុញឱ្យរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល ធ្វើការចរចាជាមួយប្រទេសម៉ាឡេស៊ី។
ពួកគេនិយាយថា ការរឹតបន្តឹងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ ហើយប្រឈមមុខទៅនឹងការខាតបង់ដល់ទៅរាប់សិបលានបាត ក្នុងមួយថ្ងៃ។ ប្រទេសម៉ាឡេស៊ីត្រូវបានគេនិយាយថាមានចំនួនប្រហែល ៥% នៃការនាំចេញបង្គារបស់ប្រទេសថៃ។
គួរជម្រាបជូនផងដែរថា សុវត្ថិភាពចំណីអាហារ គឺជាបញ្ហាចម្រូងចម្រាសកើតមានឡើងយូរមកហើយរវាងប្រទេសទាំងពីរ។ ប្រទេសថៃបានដាក់កម្រិតលើការនាំចូលត្រីពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា វិធានការចុងក្រោយបំផុតរបស់ប្រទេសម៉ាឡេស៊ី គឺជាការឆ្លើយតបទៅនឹងវិធានការនេះ៕

