រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសថាខ្លួនកំពុងបិទច្រកសមុទ្រ Hormuz និងកំណត់គោលដៅលើនាវាណាមួយដែលព្យាយាមឆ្លងកាត់តំបន់នោះ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទៅលើគោលដៅអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

បញ្ជាការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការកំពូលនៃកងយោធាអ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី១១ មិថុនាថា នាវាណាមួយដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវកំណត់គោលដៅសម្រាប់វាយប្រហារ។ បញ្ជាការកណ្តាលនេះ ក៏បានបញ្ជាក់ទៀតថាច្រកសមុទ្រ Hormuz ឥឡូវនេះត្រូវបិទទាំងស្រុង ចំពោះនាវាទាំងអស់ រួមទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញ ផងដែរ។
យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីការប្រកាសនេះ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា នាវាពីរគ្រឿងដែលបានរំលោភបំពាន ត្រូវបានវាយប្រហារ ខណៈពេលដែលពួកគេព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះ។
គួរឲ្យដឹងផងដែរថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងសារជាថ្មី បន្ទាប់ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសនៅលើបណ្តាញសង្គម X ថាខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែមិថុនា។ ទីភ្នាក់ងារដដែលនេះបាននិយាយទៀតថាសកម្មភាពនេះ គឺជាការឆ្លើយតបទៅនឹង ការឈ្លានពានដែលមិនសមហេតុផល និងបន្តជម្លោះពីសំណាក់អ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ CENTCOM បាននិយាយថានាវាដឹកទំនិញនៅតែបន្តឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ទោះបីជាអ៊ីរ៉ង់បានប្រកាសបិទក៏ដោយ។ យោធាសហរដ្ឋអាមេរិកបានបន្ថែមថាគ្មាននាវាចម្បាំងអាមេរិកណាមួយត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថានាវាអាមេរិកនៅជិតច្រកសមុទ្រត្រូវបានកំណត់គោលដៅដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក៕

