ទីក្រុងវ៉ាស៊ីនតោនន និងទីក្រុងតេអេរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀងថ្មីចុងក្រោយមួយ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុង ខណៈពេលដែលសហរដ្ឋអាមេរិក នឹងលុបចោលការបិទច្រកផ្លូវសមុទ្ររបស់ខ្លួនទៅលើអ៊ីរ៉ង់ភ្លាមៗ ក្រោយកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន នៅថ្ងៃទី១៤ មិថុនា ថា កិច្ចព្រមព្រៀងបឋមមួយជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់ហើយ។ ហើយលោកក៏បានបង្ហាញការអបអរសាទរដល់រាល់ភាគីទាំងអស់ដែលរួមចំណែកលើរឿងនេះ។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានប្រកាសពីការលុបចោលការបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីរ៉ង់ភ្លាមៗ ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយមិនគិតថ្លៃសេវាលើការដឹកជញ្ជូនណាមួយនោះឡើយ។
គួរឲ្យដឹងថា ជុំវិញសេចក្តីថ្លែងការណ៍របស់មេដឹកនាំសេតវិមានរូបនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាហើយ។ លោក Sharif បានបន្ថែមទៀតថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់សកម្មភាពយោធាភ្លាមៗ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខានៅប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានបញ្ចប់រួចរាល់ហើយ ហើយពិធីចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅប្រទេសស្វីស ពោលគឺដូចអ្វីដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានប្រកាស៕

