ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃ៩ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពន្ធ ៥០% លើការទង់ដែងនាំចូល ដោយនឹងចាប់ផ្តើមចូលជាធរមាន នៅថ្ងៃទី១ ខែសីហាតទៅ ហើយការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការវាយតម្លៃអំពីបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយនៅលើការបង្ហោះសារមួយក្នុងបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖ ” ទង់ដែងគឺចាំបាច់ខ្លាំងណាស់ សម្រាប់បន្ទះឈីប Semiconductors , យន្តហោះ, នាវា, គ្រាប់រំសេវ, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ, ថ្ម Lithium-ion, ប្រព័ន្ធរ៉ាដា, ប្រព័ន្ធការពារមីស៊ីល និងសូម្បីតែអាវុធ Hypersonic លឿនជាងសម្លេង ដែលយើងកំពុងផលិតជាច្រើន”។
យ៉ាងណាមិញ បន្ទាប់ពីការប្រកាសអំពីវិធានការពន្ធគយថ្មីនេះ របស់លោក ត្រាំ នេះបានធ្វើឲ្យទីផ្សារហ៊ុនទង់ដែងនាពេលអនាគត Comex របស់សហរដ្ឋអាមេរិក ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
ជម្រាបជូនថា ទង់ដែងគឺជាលោហធាតុដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បាននាំចូលទង់ដែងជិតពាក់កណ្តាលនៃតម្រូវការប្រើប្រាស់សរុបរបស់ខ្លួន។ ហើយជុំវិញផែនការពន្ធគយថ្មីនេះ អាចនឹងជះផលប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសផ្គត់ផ្គង់ទង់ដែងកំពូល ដូចជា ឈីលី កាណាដា និងម៉ិកស៊ិក ជាដើម៕

