កំពូលមហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃទី១៤ មិថុនាថា ក្រុមហ៊ុន SpaceX របស់លោក អាចនឹងទាញចំណូលបានរហូតដល់ ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ពោលគឺបន្ទាប់ពីក្រុមហ៊ុនអវកាសមួយនេះ បានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ IPO លើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖” ខ្ញុំនឹងពិតជាភ្ញាក់ផ្អើលខ្លាំងប្រសិនបើ SpaceX មិនអាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០៣០ ឬ២០៣១ ទេនោះ”។
គួរឲ្យដឹងផងដែរថា SpaceX បានក្លាយជាក្រុមហ៊ុនធំបំផុតទី៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានចេញលក់ IPO ដំបូងរបស់ខ្លួន និងបានធ្វើឲ្យលោក Musk ក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ ដំបូងបំផុតរបស់ពិភពលោក ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនៅតែរកចំណូលបានតិចជាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានតម្លៃមូលធនទីផ្សារស្រដៀងគ្នាផ្សេងទៀត ដូចជា Broadcom និង Amazon ។
ជម្រាបជូនថា នៅឆ្នាំ២០២៥ ចំណូលរបស់ SpaceX បានកើនឡើងដល់ ១៨,៦៧ពាន់លានដុល្លារ ពីចំនួន ១៤ពាន់លានដុល្លារកាលពីមួយឆ្នាំមុន ប៉ុន្តែក្រុមហ៊ុននេះបានខាតបង់សុទ្ធចំនួន ៤,៩៤ពាន់លានដុល្លារ និងទទួលបានប្រាក់ចំណេញចំនួន ៧៩១លានដុល្លារ៕

