លោក Vance លើកពីលក្ខខណ្ឌសម្រាប់អ៊ីរ៉ង់ ដើម្បីទទួលបានមូលនិធិកសាងប្រទេសចំនួន ៣០០ពាន់លានដុល្លារ

អន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីពេលថ្មីៗនេះ បាននិយាយថា អ៊ីរ៉ង់ នឹងទទួលបានមូលនិធិត្រឹមតែ ៣០០លានដុល្លារប៉ុណ្ណោះ សម្រាប់ការកសាងប្រទេសឡើងវិញ ក្រោមកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Vance បានប្រាប់ទៅកាន់ Fox News នៅថ្ងៃទី១៦ មិថុនា ថា ៖” មានមនុស្សជាច្រើនគិតថាអ៊ីរ៉ង់នឹងទទួលបានទឹកប្រាក់ជាច្រើនសម្រាប់កសាងប្រទេសឡើងវិញ ប៉ុន្តែយោងតាមលក្ខខណ្ឌលម្អិតនៃកិច្ចព្រមព្រៀង ពួកគេនឹងមិនទទួលបានវានោះទេ ប្រសិនបើពួកគេមិនអាចទទួលយកការផ្លាស់ប្តូរទាំងស្រុងទេនោះ”។

អនុប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា ប្រសិនបើអ៊ីរ៉ង់អាចផ្លាស់ប្តូរតាមរបៀបណាមួយនោះ វានឹងជាជ័យជម្នះដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នា សម្រាប់តំបន់ទាំងមូល ប៉ុន្តែប្រសិនបើទីក្រុងតេអេរ៉ង់មិនអាចធ្វើបានទេ វាក៏មិនប៉ះពាល់ដល់សហរដ្ឋអាមេរិកដែរ។

លោក Vance បាននិយាយទៀតថា អ៊ីរ៉ង់នឹងទទួលបានអត្ថប្រយោជន៍ ប្រសិនបើពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ ប៉ុន្តែទឹកប្រាក់ទាំងនោះ នឹងមិនមែនបានមកពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែអាចបានមកពីប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម ឬអារ៉ាប៊ីសាអូឌីត ជំនួសវិញ ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនផ្ទេរប្រាក់មួយកាក់មួយសេនទៅឱ្យអ៊ីរ៉ង់ទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានបញ្ជាក់ថា តើអ៊ីរ៉ង់ត្រូវការ ការផ្លាស់ប្តូរបែបណាមួយនោះទេ ប៉ុន្តែបានណែនាំថា នៅពេលកិច្ចព្រមព្រៀងនេះកើតឡើង រដ្ឋឈូងសមុទ្រអាចមានឱកាសទៅវិនិយោគនៅអ៊ីរ៉ង់ និងសាងសង់រោងចក្រថាមពល នៅទីនោះបាន។

គួរជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដោយបញ្ចប់សកម្មភាពយោធាភ្លាមៗ។ ពិធីចុះហត្ថលេខាសម្រាប់ឯកសារចុងក្រោយត្រូវបានគ្រោងនឹងធ្វើឡើងនៅប្រទេសស្វីសនៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។ លក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានចេញផ្សាយផ្លូវការនៅឡើយទេ ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តចំពោះសំណងសង្គ្រាម និងការដោះលែងទ្រព្យសម្បត្តិដែលបង្កករបស់ទីក្រុងតេអេរ៉ង់នៅបរទេស៕​