ឥណ្ឌូណេស៊ី ចាប់ផ្តើមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយរុស្ស៊ី

អន្តរជាតិ

ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយរុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហការកាន់តែជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកថាមពលជាតិ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

រដ្ឋាភិបាលបានសង្កត់ធ្ងន់ទៀតថា ការរុករកបច្ចេកវិទ្យាថាមពលដែលមានសុវត្ថិភាព រួមទាំងថាមពលនុយក្លេអ៊ែរ ត្រូវតែអមដោយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិខ្ពស់បំផុត។

គួរជម្រាបជូនថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បច្ចុប្បន្នកំពុងចរចាជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី លើគម្រោងអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក នៅក្នុងប្រទេសរបស់ខ្លួន។ បច្ចេកវិទ្យានេះ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធភាពជាងរោងចក្រថាមពលនុយក្លេអ៊ែរនៅលើដី៕​