តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ចុះក្នុងកម្រិតតិចតួច ខណៈពេលដែលវិនិយោគិនកំពុងស្វែងរកសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពក្នុងការស្តារលំហូរប្រេងឆៅឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz បន្ទាប់ពីមានការចរចសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២០សេន ឬ ០,៣% មកនៅត្រឹម ៧៧,៧០ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកនៅត្រឹម ៧៣,៧៤ដុល្លារក្នុងមួយបារ៉ែល ពោលគឺបានធ្លាក់ចុះអស់ ១២សេន ឬ ០,២% គិតនៅត្រឹមការជួញដូរ នៅថ្ងៃទី២៣ ខែមិថុនា។
គួរឲ្យដឹងថា នៅមុននេះ តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះជាង ៣% នៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់រយៈពេល ៦០ថ្ងៃ បន្ទាប់ពីមានកិច្ចចរចាសន្តិភាពដំបូង ខណៈពេលដែលជម្លោះនៅក្នុងប្រទេសលីបង់ក៏បានស្ងប់ស្ងាត់ផងដែរ ក្រោមកិច្ចព្រមព្រៀងទូលំទូលាយមួយ។
មិនតែប៉ុណ្ណោះ យោងតាមទិន្នន័យតាមដានកប៉ាល់បានបង្ហាញថា កប៉ាល់ដឹកប្រេងឆៅពីរគ្រឿងដែលមានប្រេងតិចជាង ២ លានបារ៉ែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ កាលពីថ្ងៃចន្ទ ដែលជាសញ្ញាមួយដែលបង្ហាញថាចរាចរណ៍កំពុងកើនឡើង បន្ទាប់ពីលំហូរប្រេងចុះខ្សោយនៅថ្ងៃអាទិត្យ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងកាត់តាមផ្លូវទឹកដ៏សំខាន់បំផុតមួយនេះ៕

