ក្រុមហ៊ុន Oracle របស់មហាសេដ្ឋីមានដាច់គេទី៥ លើលោក Larry Ellison គ្រោងកាត់បន្ថយបុគ្គលិកសរុបរបស់ខ្លួនទាំងអស់ ១៣% ឬស្មើប្រមាណ ២១ ០០០ នាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការកាត់បន្ថយនេះ ត្រូវបានធ្វើឡើងចំពេលក្រុមហ៊ុនខ្នាតយក្សផ្នែក Cloud Computing មួយនេះ កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញ ដែលផ្នែកខ្លះត្រូវបានជំរុញដោយការទទួលយក AI ដើម្បីមកប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ខ្លួនជំនួសវិញ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា គិតនៅត្រឹមថ្ងៃទី៣១ ខែឧសភា ក្រុមហ៊ុននេះមានកម្លាំងពលកម្មសរុបចំនួន ១៤១ ០០០ នាក់ បើប្រៀបធៀបទៅនឹងប្រហែល ១៦២ ០០០ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមឯកសារដដែល បានបង្ហាញទៀតថា Oracle បានចំណាយទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារសម្រាប់ប្រាក់បំណាច់ និងការចំណាយផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅក្នុងឆ្នាំសារពើពន្ធ២០២៦ ពោលគឺជាចំនួនខ្ពស់ជាង ៣៧៤លានដុល្លារដែលបានចំណាយក្នុងឆ្នាំសារពើពន្ធមុន។
ជម្រាបជូនផងដែរថា ការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការបាត់បង់ការងារដោយសារតែបច្ចេកវិទ្យា AI កំពុងតែកើនឡើងយ៉ាងខ្លាំង។ បើតាមគេហទំព័រ Layoffs.fyi បានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៩៦ ហើយ បានបញ្ឈប់បុគ្គលិកសរុបជាង ១១៩ ៨០០ នាក់រហូតមកដល់ពេលនេះនៅឆ្នាំនេះ៕

