Elon Musk របូតតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារ ក្រោយទ្រព្យសម្បត្តិថយមកនៅត្រឹមជាង ៩០០ពាន់លានដុល្លារ

អន្តរជាតិ

បន្ទាប់ពីពីរសប្តាហ៍នៃការក្លាយជាមហាសដ្ឋីលុយទ្រីលានដុល្លារដំបូងគេបង្អស់របស់ពិភពលោក ឥឡូវនេះ Elon Musk បានបាត់បង់តំណែងនោះវិញហើយ បន្ទាប់ពីមើលឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួនថយចុះយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា បុរសដែលជាអ្នកមានជាងគេបំផុតរបស់ពិភពលោក Elon Musk ឥឡូវនេះមានទ្រព្យសម្បត្តិសរុបចំនួន ៩៥១ពាន់លានដុល្លារ។ តួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន​ ១,៣ទ្រីលានដុល្លារកាលពីដើមសប្តាហ៍មុន។ ជាលទ្ធផល ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានបាត់បង់តំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក បន្ទាប់ពីមានការចេញលក់ IPO របស់ SpaceX ជាលើកដំបូង។

គួរឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះដោយសារតែការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។ វិនិយោគិនកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីការរំពឹងទុកលើប្រាក់ចំណេញរយៈពេលវែងនៃវិស័យបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនទាំងពីរនេះ។

ជម្រាបជូនថា ភាគហ៊ុនរបស់ SpaceX បច្ចុប្បន្នកំពុងជួញដូរក្នុងតម្លៃ ១៥៤ដុល្លារក្នុងមួយហ៊ុន ពោលគឺបានធ្លាក់ចុះជាង ២៦% ក្នុងការជួញដូរ៥វគ្គចុងក្រោយ ដែលអូសទាញមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ ធ្លាក់ចុះមកត្រឹម ២ទ្រីលានដុល្លារ។ ភាគហ៊ុន Tesla ក៏បានធ្លាក់ចុះជាង ៦% ក្នុងអំឡុងពេលការជួញដូរដូចគ្នា៕​