លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីកំពុងខ្វះប្រេង ដោយសារតែអ៊ុយក្រែនវាយប្រហារខ្លាំងពេក

អន្តរជាតិ

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី កំពុងតែជួបប្រទះជាមួយនឹងបញ្ហាខ្វះខាតប្រេងឥន្ធនៈ នៅក្នុងតំបន់មួយចំនួន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយដោយ All-Russian State Broadcasting and Television នៅថ្ងៃទី២៨ ខែមិថុនាថា ៖”ការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល កំពុងបង្កការលំបាក។ នោះជារឿងជាក់ស្តែង។ យើងបានមើលឃើញពីកម្រិតនៃការខ្វះខាតជាក់លាក់មួយ ប៉ុន្តែមិនមែនដល់កម្រិតធ្ងន់ធ្ងរនៅឡើយនោះទេ”។

យោងតាមមេដឹកនាំកំពូលរូបនេះ បានបន្ថែមទៀតថា ភារកិច្ចបន្ទាន់បំផុតនៅពេលនេះគឺការពង្រឹងសមត្ថភាពការពារដែនអាកាស និងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាពិសេសសម្រាប់ឧបទ្វីបគ្រីមៀ។ មន្ត្រីរុស្ស៊ីក៏ត្រូវជួសជុលកន្លែងផលិតថាមពល និងប្រេងឥន្ធនៈយ៉ាងឆាប់រហ័សផងដែរ ដើម្បីជំនះបញ្ហានេះ។

គួរជម្រាបជូនផងដែរថា ប៉ុន្មានម៉ោងមុនសុន្ទរកថារបស់លោក ពូទីន នេះ អ៊ុយក្រែនបានបន្តបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងមានអគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេងមួយក្នុងតំបន់ Krasnodar។ នេះបើយោងតាមអភិបាលរដ្ឋ លោក Veniamin Kondratyev៕​