រូបិយប័ណ្ណជប៉ុនបច្ចុប្បន្នកំពុងស្ថិតនៅកម្រិតខ្សោយបំផុតធៀបទៅនឹងប្រាក់ដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៨៦ មក ដែលបង្កើនការព្រួយបារម្ភថារដ្ឋាភិបាលរបស់ប្រទេសនេះ ទំនងនឹងរៀបចំការធ្វើអន្តរាគមន៍បន្ថែមទៀត ដើម្បីគាំទ្រដល់តម្លៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា មួយដុល្លារអាមេរិកមានតម្លៃ ១៦២,២៧យ៉េនជប៉ុន។ នេះគឺជាកម្រិតខ្សោយបំផុតសម្រាប់ប្រាក់យ៉េន ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ។
សរុបមក តម្លៃប្រាក់យ៉េនបានធ្លាក់ចុះជិត ២% ធៀបនឹងប្រាក់ដុល្លារអាមេរិក ក្នុងត្រីមាសទីពីរ។ នេះគឺជាត្រីមាសទីបួនជាប់ៗគ្នាហើយនៃការចុះខ្សោយសម្រាប់រូបិយប័ណ្ណជាតិនៃប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់ពិភពលោកនេះ។ នៅឆ្នាំ២០២២ ប្រាក់យ៉េនបានកត់ត្រាការធ្លាក់ចុះអស់ប្រាំពីរត្រីមាសជាប់ៗគ្នា ដោយសារតែភាពខុសគ្នានៃអត្រាការប្រាក់កាន់តែធំជាមួយសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ប្រាក់យ៉េនថ្មីៗនេះបានធ្លាក់ចុះដោយសារតែតម្លៃប្រេងកើនឡើង ដែលធ្វើឱ្យប្រទេសនេះត្រូវការប្រាក់ដុល្លារអាមេរិកបន្ថែមទៀតដើម្បីនាំចូលប្រេងឥន្ធនៈ។ ហេតុផលមួយទៀតគឺភាពខុសគ្នានៃអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុន។ អត្រាការប្រាក់របស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺនៅចន្លោះ ៣,៥-៣,៧៥% ខណៈពេលដែលអត្រាការប្រាក់នៅប្រទេសជប៉ុនគឺ ១%។
ជម្រាបជូនថា រូបិយប័ណ្ណក្នុងស្រុកចុះខ្សោយនឹងនាំឲ្យមានអតិផរណាខ្ពស់ និងការចំណាយលើការរស់នៅកាន់តែច្រើននៅក្នុងប្រទេសជប៉ុន។ ក្រុមមន្ត្រីក៏បញ្ជាក់ផងដែរថា ផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានដែលបណ្តាលមកពីការចុះខ្សោយនៃរូបិយប័ណ្ណនេះ គឺជៀសមិនរួចឡើយ៕

