ប្រទេសកូរ៉េខាងត្បូង នឹងវិនិយោគទឹកប្រាក់ជិត ១,២ទ្រីលានដុល្លារ ដែលស្មើនឹងជាងពីរភាគបីនៃផលិតផលក្នុងស្រុកសរុប សម្រាប់ការផលិតបន្ទះឈីប និងសង់មជ្ឈមណ្ឌលទិន្នន័យ AI ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។ នេះបើតាមការចុះផ្សុាយពីសារព័ត៌មាន CNA។

ជុំវិញការចាក់បញ្ចូលទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានធ្វើឡើង នៅពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅអាស៊ីមួយនេះ កំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា AI សកល ដោយសារតែមានក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកំពូលៗ នៅក្នុងប្រទេសរបស់ខ្លួន។
យ៉ាងណាមិញ ប្រធានាធិបតីលោក Lee Jae Myung បាននិយាយនៅក្នុងទីក្រុងសេអ៊ូល អំឡុងចូលរួមនៅក្នុងព្រឹត្ថិការណ៍បច្ចេកវិទ្យាមួយថា ការវិនិយោគនេះគឺមានជាសំខាន់ខ្លាំង ខណៈពេលដែលកូរ៉េខាងត្បូងកំពុងស្វែងរកប្រាក់ចំណេញពីតម្រូវការកើនឡើង និងដើម្បីអភិវឌ្ឍទៅកាន់តំបន់មួយចំនួន ដែលពីមុនមកត្រូវបានគេមើលរំលង។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយទៀតថា ក្រុមហ៊ុន Samsung Electronics និង SK Hynix នឹងចូលរួមនបោះទុនវិនិយោគក្នុងចំនួនបំបែកកំណត់ត្រា ៨០០ទ្រីលានវ៉ុន (៥១៨ពាន់លានដុល្លារ) នៅក្នុងមជ្ឈមណ្ឌលផលិតបន្ទះឈីបថ្មីមួយ នៅភាគនិរតីនៃប្រទេស។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុនខ្នាតយក្សទាំងពីរបានឃើញប្រាក់ចំណេញ និងតម្លៃភាគហ៊ុនរបស់ពួកគេ កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលតម្រូវការដ៏ខ្លាំងក្លាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំទូទាំងពិភពលោកកាន់តែរ៉ឹងមាំ៕

