យោងតាមមន្ត្រីរបស់កាតា បានបញ្ជាក់ថាប្រទេសរបស់ខ្លួនមិនមានគម្រោងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ ឬកិច្ចចរចាដោយផ្ទាល់ណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះឡើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនគណៈប្រតិភូមួយមួយមកកាន់ទីក្រុងដូហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បានមានប្រសាសន៍នៅថ្ងៃទី៣០ មិថុនាថា ៖ “អ្នកតំណាងសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner កំពុងស្ថិតនៅទីក្រុងដូហា ដើម្បីជួបជាមួយអ្នកសម្របសម្រួល និងមន្ត្រីកាតា។ ការពិភាក្សានេះ នឹងគ្របដណ្តប់លើបញ្ហាក្នុងតំបន់ជាច្រើន”។
យោងតាមលោក Ansari បានបន្ថែមទៀតថា ការពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនឹងរួមបញ្ចូលបញ្ហាអ៊ីរ៉ង់ និងប្រធានបទជាច្រើនទៀត រួមទាំងប្រទេសលីបង់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា តំណាងរបស់អាមេរិក មិនមកកាតា ដើម្បីចរចាផ្ទាល់ជាមួយអ៊ីរ៉ង់នោះឡើយ។
គួរជម្រាបជូនផងដែរថា កន្លងមកទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្លាប់បានប្រកាសថា ពួកគេនឹងបញ្ជូនមន្ត្រីរៀងៗខ្លួនទៅកាន់ប្រទេសកាតា ដើម្បីពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងគ្នា ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យលោក Ansari បានបញ្ជាក់ថា មិនមានផែនការសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ឬកិច្ចចរចាដោយផ្ទាល់រវាងភាគីទាំងពីរនៅទីក្រុងដូហានោះទេ៕

