កងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៉ីរ៉ង់ (IRGC) បានប្រកាសបិទច្រកសមុទ្រ Hormuz សារជាថ្មី រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីពួកគេបានបាញ់ព្រមានទៅលើនាពាណិជ្ជកម្មមួយចំនួន ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ (IRIB) បានរាយការណ៍នៅថ្ងៃទី១២ ខែកក្កដាថា ដោយផ្អែកលើអស្ថិរភាពដែលបណ្តាលមកពីការជ្រៀតជ្រែកខុសច្បាប់ពីកងកម្លាំងខាងក្រៅ ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុងរហូតដល់មានការជូនដំណឹងបន្ថែម និងរហូតដល់សហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែករបស់ខ្លួននៅក្នុងតំបន់។
ទន្ទឹមនឹងនេះ កងឆ្មាំ IRGC បានប្រកាសថានាវាស៊ីវិល និងយោធាទាំងអស់នឹងមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រនេះនោះទេ និងថែមទាំងបានចោទប្រកាន់ថានាវាមួយចំនួនហាក់មិនអើពើនឹងការព្រមាន និងមិនព្រមបង្វែរផ្លូវឆ្លងកាត់របស់ពួកគេដែលត្រូវបានអនុម័តដោយទីក្រុងតេអេរ៉ង់។
យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់នេះ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានចោទប្រកាន់ កងឆ្មាំ IRGC ថាបានវាយប្រហារកប៉ាល់ដឹកទំនិញ GFS Galaxy ដែលមានទង់ជាតិរបស់ប្រទេសស៊ីប ខណៈពេលដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
CENTCOM បានអះអាងទៀតថា អ៊ីរ៉ង់បានបរាជ័យម្តងទៀតក្នុងការអនុវត្តតាមអនុស្សរណៈរវាងប្រទេសទាំងពីរ ទោះបីជាមានការព្រមានពីមុនអំពីការវាយប្រហារលើកប៉ាល់ស៊ីវិលក៏ដោយ។ ជាការឆ្លើយតប CENTCOM បានបើកការវាយប្រហារតាមអាកាសលើកទីបីរបស់ខ្លួននៅសប្តាហ៍នេះប្រឆាំងនឹងទៅនឹងអ៊ីរ៉ង់៕

