ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ហើយត្រូវបានគេរំពឹងថានឹងជាអ្នកប្រគល់ពានរង្វាន់ដល់ក្រុមដែលឈ្នះការប្រកួតផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមលោកស្រី Caroline Leavitt លេខាធិការសារព័ត៌មានសេតវិមានបានប្រកាសនៅថ្ងៃទី១៦ ខែកក្កដាថា លោក ត្រាំ នឹងចូលរួមទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន នៅថ្ងៃទី១៩ ខែកក្កដា នៅឯពហុកីឡដ្ឋាន New York New Jersey។
ទន្ទឹមនឹងនេះ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានឲ្យដឹងផងដែរថា លោក ត្រាំ នឹងជាអ្នកប្រគល់ពានរង្វាន់ World Cup ដល់ក្រុមដែលឈ្នះដោយផ្ទាល់។
គួររំឮកផងដែរថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ព្រះមហាក្សត្រនៃប្រទេសកាតា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani រួមជាមួយលោក Infantino បានប្រគល់ពានរង្វាន់ World Cup ដោយផ្ទាល់ជូនទៅកាន់កីឡាករ Lionel Messi នៅពេលក្រុមជម្រើសជាតិអាហ្សង់ទីនក្លាយជាម្ចាស់ជើងឯក។
ដូចគ្នានេះផងដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ធ្លាប់បានប្រគល់ពានរង្វាន់នេះដល់ជូនកីឡាករ Kylian Mbappe និងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើង នៅក្នុងប្រទេសរុស្ស៊ី៕

