សហរដ្ឋអាមេរិក កំពុងដកយន្តហោះ VC-25B Bridge Aircraft របស់ខ្លួនចេញពីសេវាកម្មប្រហែលមួយខែសិន សម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន ក្នុងអំឡុងពេលនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មានសេតវិមានបាននិយាយនៅថ្ងៃទី២០ ខែកក្កដាថា ៖”យន្តហោះ Air Force One ថ្មីចុងក្រោយនេះ មានសុវត្ថិភាពទាំងស្រុងសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីនៅពេលធ្វើដំណើរ ប៉ុន្តែវានឹងត្រូវឆ្លងកាត់ការធ្វើឱ្យប្រសើរឡើង និងការកែលម្អបន្ថែមទៀត ដើម្បីត្រៀមនៅរដូវស្លឹកឈើជ្រុះខាងមុខ ហើយវាត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលមួយខែដើម្បីបញ្ចប់ការងារនេះ។ ក្នុងអំឡុងពេលនោះ ប្រធានាធិបតីនឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន”។
យ៉ាងណាមិញ ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោយលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មួយថាយន្តហោះ Air Force One ថ្មី ដែលហៅឈ្មោះជាផ្លូវការថា VC-25B Bridge Aircraft នឹងត្រូវបានបញ្ជូនទៅកែលម្អឲ្យកាន់តែមានភាពប្រសើឡើងជាអតិបរមា។
គួរជម្រាបជូនថា យន្តហោះ VC-25B Bridge Aircraft ដែលត្រូវបានកែប្រែដោយក្រុមហ៊ុនការពារជាតិ L3Harris ពីយន្តហោះធម្មតា Boeing 747-8i និងត្រូវបានគេឲ្យរហស្សនាមថា «សេតវិមានលើវេហា» ដែលជាអំណោយពីប្រទេសកាតាកាលពីឆ្នាំមុន នឹងបម្រើជាយន្តហោះ Air Force One សម្រាប់ដឹកប្រធានាធិបតីអាមេរិក។ យន្តហោះនេះ មានតម្លៃប្រហែល ៤០០លានដុល្លារ៕

