មហាសេដ្ឋី Elon Musk សារភាពថាលោកធ្លាប់ផុងខ្លួនចូលជ្រៅទៅក្នុងជួរនយោបាយ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានទទួលស្គាល់ថាលោកបានចូលប្រឡូកក្នុងនយោបាយអាមេរិកខ្លាំងពេក ដែលនាំឲ្យមានការរិះគន់ជាច្រើន នៅពេលដែលអាជីវកម្មរបស់លោកកំពុងប្រឈមមុខទៅនឹងបញ្ហាច្រើនដូចគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Economist។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសរយៈពេល ៩០នាទីជាមួយ The Economist ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា លោក Musk បានសារភាពថា លោកបានផុងខ្លួនចូលយ៉ាងជ្រៅទៅក្នុងនយោបាយ និងបានហួសពីព្រំដែនកំណត់របស់លោក នៅពេលដែលលោកបានចូលរួមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅដើមឆ្នាំ២០២៥ ជាមួយនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល (DOGE)។

គួរឲ្យដឹងថា ទីភ្នាក់ងារ DOGE ត្រូវបានបង្កើតឡើង និងដឹកនាំដោយមហាសេដ្ឋី Elon Musk អស់រយៈពេល ១៣០ថ្ងៃក្នុងនាមជា “ភ្នាក់ងារពិសេសរបស់រដ្ឋាភិបាល”។ ទីភ្នាក់ងារនេះត្រូវបានប្រគល់ភារកិច្ចដើម្បីធ្វើឱ្យរដ្ឋាភិបាលមានភាពប្រសើរឡើង និងកាត់បន្ថយការចំណាយសហព័ន្ធ ប៉ុន្តែវាប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងជម្លោះផលប្រយោជន៍ ការកាត់បន្ថយដោយមិនសមហេតុផល និងការរំលោភលើទិន្នន័យសម្ងាត់។ ក្រោយមក DOGE ត្រូវបានបញ្ឈប់ប្រតិបត្តិការវិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ទោះបីជានៅសល់ប្រាំបីខែទៀតក្នុងអាណត្តិរបស់ខ្លួនក៏ដោយ។

យ៉ាងណាមិញ ជុំវិញការដឹកនាំ DOGE នេះ លោក Musk បានទទួលស្គាល់ថា លោកត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំង ដោយបន្ថែមទៀតថាលោកមិនចង់ចូលរួមយ៉ាងជ្រៅក្នុងនយោបាយដូចដែលលោកធ្លាប់ធ្វើនោះទេ។

គួរជម្រាបជូនថានេះគឺជាបទសម្ភាសដ៏វែងឆ្ងាយលើកដំបូងរបស់លោក Musk ចាប់តាំងពីក្រុមហ៊ុន SpaceX បានចេញលក់ជាសាធារណៈនៅលើផ្សារហ៊ុនអាមេរិកមក។ តម្លៃរបស់ក្រុមហ៊ុនអវកាសមួយនេះ ដំបូងឡើយបានកើនឡើងដល់ប្រហែល ២,៦ទ្រីលានដុល្លារ ក្រោយចាប់ផ្តើមជួញដូរដំបូងៗ ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានធ្លាក់ចុះវិញ មកនៅប្រហែល ១,៦ទ្រីលានដុល្លារប៉ុណ្ណោះ៕