ប្រទេសជប៉ុន កំពុងពិចារណាខ្ចីប្រាក់ពីធនាគារបរទេសមួយចំនួន សម្រាប់គម្រោងផលិតថាមពលដើរដោយឧស្ម័នធម្មជាតិ នៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការសន្យាវិនិយោគដែលត្រូវបានប្រកាសពីមុនចំនួន ៥៥០ពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយនៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X ថា ៖” ប្រសិនបើការមានការផ្តល់កម្ចីពីធនាគារបរទេសកើតឡើងពិតមែន នោះវាគួរតែជួយសម្រួលបន្ថែមទៀតដល់ការផ្តត់ផ្គង់មូលនិធិរូបិយប័ណ្ណបរទេសដែលត្រូវការ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមវិនិយោគថ្មីៗ”។
ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ធនាគារ JPMorgan និងធនាគារអាមេរិកផ្សេងទៀតកំពុងខិតជិតឈានដល់ការព្រមព្រៀងផ្តល់កម្ចីក្រោមក្របខ័ណ្ឌវិនិយោគ ដែលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ជប៉ុន កាលពីពេលកន្លងទៅ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុជប៉ុន មិនបានកំណត់អត្តសញ្ញាណអ្នកផ្តល់ប្រាក់កម្ចីបរទេសដែលពាក់ព័ន្ធនៅឡើយនោះទេ ប៉ុន្តែបាននិយាយថា ការផ្តល់កម្ចីនឹងត្រូវបានផ្តល់ជូនរួមជាមួយនឹងប្រាក់កម្ចីពីធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលគាំទ្រដោយរដ្ឋ។
ក្រសួងបានក៏បានបន្ថែមឲ្យដឹងទៀតថា ធនាគារបរទេសទាំងនោះ ត្រៀមជួយផ្តល់កម្ចីដល់គម្រោងសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិ នៅរដ្ឋ Pennsylvania និង Texas ដែលមានតម្លៃសរុបប្រហែល ៣៣ពាន់លានដុល្លារ៕

