តម្លៃប្រេងឆៅពិភពលោកបានបន្តធ្លាក់ចុះបន្ថែមទៀត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ដែលបានបន្តចាប់តាំងពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បច្ចុប្បន្នបានធ្លាក់ចុះ ៣% មកនៅត្រឹម ៨៥,៦ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២,៦% មកនៅត្រឹម ៨០,៤ដុល្លារ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។
តម្លៃប្រេងឆៅបានធ្លាក់ចុះសម្រាប់វគ្គជួញដូរលើកទីបីជាប់ៗគ្នា ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ឈប់ការវាយប្រហាររបស់ពួកគេទៅលើគ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្កើនក្តីសង្ឃឹមនៃការស្តារការផ្គត់ផ្គង់ប្រេងឡើងវិញ។
យ៉ាងណាមិញ បើតាមធនាគារ Commonwealth Bank of Australia (CBA) បានបង្ហាញការជឿជាក់ថាការធ្លាក់ចុះនៃតម្លៃប្រេងថ្មីៗនេះ ហាក់បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ទីផ្សារចំពោះហានិភ័យរយៈពេលខ្លីនៃការកើនឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេព្រមានថាហានិភ័យចំពោះការផ្គត់ផ្គង់ថាមពលសកលនៅតែមានកម្រិតខ្ពស់។
ទន្ទឹមនឹងនេះ អ្នកវិភាគនៅ Goldman Sachs បានព្យាករថាតម្លៃប្រេងឆៅ Brent អាចធ្លាក់ចុះមកត្រឹមប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែលវិញ នៅចុងឆ្នាំនេះ “ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបើកពេញលេញ” នៅក្នុងត្រីមាសទីបួន។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានសង្កត់ធ្ងន់ផងដែរថា ការរំខានដល់ការដឹកជញ្ជូននៅសមុទ្រក្រហម និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត អាចក្លាយជាកត្តាថ្មីដែលជំរុញឱ្យតម្លៃប្រេងឆៅ និងផលិតផលពាក់ព័ន្ធកើនឡើង៕

