អត្រាបញ្ឈប់ការងារនៅសិង្ហបុរីហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

អន្តរជាតិ

កម្មករសរុបប្រមាណ ៤ ៥០០ នាក់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានបញ្ឈប់ពីការងារ នៅក្នុងខែមេសាដល់ខែមិថុនា ដែលជាតួលេខខ្ពស់បំផុតប្រចាំត្រីមាសក្នុងរយៈពេលជាងប្រាំឆ្នាំចុងក្រោយ ដែលនេះត្រូវបានជំរុញដោយការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅក្នុងអាជីវកម្មមួយចំនួនដែលប្រឈមមុខនឹងសម្ពាធក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំនួននេះបានកត់សម្គាល់ពីការកើនឡើង ១៧% ពីត្រីមាសមុន និងជាកម្រិតខ្ពស់បំផុត ចាប់តាំងពីការបញ្ឈប់ការងារចំនួន ៥ ៦៤០ នាក់ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ មក។ នេះបើយោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយក្រសួងកម្លាំងពលកម្មនៅចុងសប្តាហ៍មុន។

ក្រសួងបាននិយាយបន្ថែមទៀតថា ការកើនឡើងនៃការកាត់បន្ថយការងារត្រូវបានផ្តោតលើវិស័យមួយចំនួនដែលផ្តោតលើទីផ្សារខាងក្រៅប្រទេសដូចជា ព័ត៌មាន និងទំនាក់ទំនង និងផលិតកម្ម ហើយភាគច្រើនត្រូវបានជំរុញដោយការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។

យ៉ាងណាមិញ លោក Foo See Yang នាយកគ្រប់គ្រង និងជាប្រធានក្រុមអាជីវកម្មយុទ្ធសាស្ត្រនៅក្រុមហ៊ុនដំណោះស្រាយធនធានមនុស្ស Persol Asia-Pacific បាននិយាយថា វិស័យទាំងនេះងាយរងគ្រោះជាពិសេសចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានកត់សម្គាល់ឃើញថា អត្រានៃការបញ្ឈប់ការងារនៅក្នុងត្រីមាសនេះ គឺទាបជាងចំនួនដែលបានកត់ត្រាក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩ (៥ ៩៨០-១២ ៧៦០ នាក់) និងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ (៥ ៦៤០-៩ ១២០ នាក់)៕​