មហាសេដ្ឋីលំដាប់កំពូលរបស់ពិភបលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms បានចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌាចំពោះខ្លឹមសាររំលោភបំពានផ្លូវភេទកុមារនៅលើវេទិការបស់ក្រុមហ៊ុន និងកំហុសឆ្គងបច្ចេកទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានហិរញ្ញវត្ថុ Moneycontrol បានបង្ហាញថា លោក Mark បានសុំទោសចំពោះវត្តមាននៃខ្លឹមសារមិនសមរម្យ ក៏ដូចជាខ្លឹមសារ Deepfake និងកំហុសបច្ចេកទេសនៅលើវេទិកាសង្គមរបស់ Meta ដែលខ្លួនមិនអាចគ្រប់គ្រងបាន និងបានជះផលអវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា។
យ៉ាងណាមិញ ការចុះផ្សាយនេះបានបន្ថែមទៀតថា ការសុំទោសរបស់លោក Mark នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយកប្រតិបត្តិ Meta និងមន្ត្រីរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Meta មានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរួមមាន Facebook និង Instagram ជាដើម។
គួរជម្រាបជូនផងដែរថា កាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យ Meta លុបចោលការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅលើ Instagram។ រដ្ឋាភិបាលប្រទេសនេះ ក៏បានស្វែងរកការពន្យល់ពី Meta ក្នុងរយៈពេលប្រាំពីរថ្ងៃ អំពីរបៀបដែលការផ្សាយពាណិជ្ជកម្មដែលមានខ្លឹមសារបែបនេះ ត្រូវបានអនុញ្ញាតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេផងដែរ៕

