ក្រុមហ៊ុន VinSpace ដែលជាអង្គភាពមួយនៃក្រុមហ៊ុនមេ Vingroup របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាបាញ់បង្ហោះជាមួយក្រុមហ៊ុនអវកាសខ្នាតយក្ស SpaceX សម្រាប់បេសកកម្មផ្កាយរណបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន VinSpace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណបរបស់ VinSpace នឹងបាញ់បង្ហោះក្នុងបេសកកម្មរួមគ្នារបស់ផ្កាយរណប SpaceX គឺ Transporter ក្នុងឆ្នាំ២០២៧ ដោយចូលរួមជាមួយអតិថិជនជាច្រើនផ្សេងទៀតក្នុងការបាញ់បង្ហោះរួមគ្នាមួយ។
ក្រុមហ៊ុន VinSpace ដែលគ្រប់គ្រងលើការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងប្រតិបត្តិការក្នុងគន្លងផ្កាយរណបផ្ទាល់ខ្លួន បាននិយាយទៀតថា គម្រោងនេះគាំទ្រយុទ្ធសាស្ត្ររបស់ខ្លួនដែលមានគោលបំណងកសាងសមត្ថភាពនៅទូទាំងខ្សែសង្វាក់លំហអវកាស រួមទាំងការរចនា និងផលិតផ្កាយរណប ការផ្គុំ ការធ្វើសមាហរណកម្ម និងការធ្វើតេស្ត ការគ្រប់គ្រងការបាញ់បង្ហោះ ប្រតិបត្តិការ និងសេវាកម្មទិន្នន័យ ផងដែរ។
ក្រុមហ៊ុន VinSpace បាននិយាយថា បេសកកម្មទាំងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការធ្វើតេស្តបច្ចេកវិទ្យាក្នុងគន្លងលំហអាកាស ការអភិវឌ្ឍសមត្ថភាពផ្កាយរណប កិច្ចសហការអន្តរជាតិ និងកម្មវិធីពាណិជ្ជកម្មនាពេលអនាគត។
ជម្រាបជូនថា ក្រុមហ៊ុន VinSpace ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន ជាមួយនឹងដើមទុនដំបូងចំនួន ៣០០ពាន់លានដុង (១១,៤លានដុល្លារអាមេរិក)។ ស្ថាបនិកក្រុមហ៊ុន Vingroup លោក Pham Nhat Vuong កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន VinSpace នេះ៕

