លោក ត្រាំ ចេញមុខពន្យល់ពីការសម្រេចចិត្តនៅនាទីចុងក្រោយ ជុំវិញការប្តូរយន្តហោះភ្លាមៗនៅតួកគី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយអំពីការប្តូរទៅឡើងយន្តហោះយោធាដោយសម្ងាត់របស់លោក ដើម្បីចាកចេញពីប្រទេសតួកគី កាលពីខែមុន ដោយអះអាងថាលោកបានធ្វើតាមដំបូន្មានរបស់សេវាសម្ងាត់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅមូលដ្ឋានទ័ព Andrews នៅថ្ងៃទី១១ ខែសីហាថា​៖”ការធ្វើបែបនោះគឺអាស្រ័យលើសេវាសម្ងាត់។ ខ្ញុំគ្រាន់តែធ្វើអ្វីដែលពួកគេចង់បាន។ ខ្ញុំកំពុងធ្វើតាមដំបូន្មានរបស់សេវាសម្ងាត់ និងយោធា។ ពួកគេចង់ឱ្យខ្ញុំធ្វើដំណើរលើយន្តហោះផ្សេងដែលមានកម្រិតសុវត្ថិភាពស្រដៀងគ្នា”។

ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ចេញពីប្រភពព័ត៌មានជាច្រើន បានបង្ហាញថា ត្រាំ បានប្តូរដោយសម្ងាត់ពីយន្តហោះដឹកប្រធានាធិបតី VC-25A ទៅជាយន្តហោះយោធា C-32A វិញ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួកគីកាលពីខែមុន។

ទន្ទឹមនឹងនេះ យន្តហោះ VC-25A ដែលដឹកមន្ត្រីសេតវិមាន បុគ្គលិកសន្តិសុខ និងបុគ្គលិកគាំទ្រ និងអ្នកយកព័ត៌មាន បានហោះចេញពីប្រទេសតួកគី ដើម្បីជាការបង្វែរទិសដៅ និងហោះហើរដោយការប្រុងប្រយ័ត្នបំផុត ក្នុងករណីមានការវាយប្រហារពីអ៊ីរ៉ង់។

យ៉ាងណាមិញ បន្ទាប់ពីមកដល់ប្រទេសអង់គ្លេស លោក ត្រាំ បានប្តូរទៅឡើងយន្តហោះ Air Force One ថ្មីមួយផ្សេងទៀត ដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបន្ថែមទៀតថា ៖”ខ្ញុំពិតជាជឿថាយន្តហោះដែលដឹកខ្ញុំប្រឈមនឹងហានិភ័យខ្ពស់ជាង ពីព្រោះនោះជាយន្តហោះដែលទំនងជាត្រូវបានកំណត់គោលដៅដើម្បីវាយប្រហារពីអ៊ីរ៉ង់”។

គួរជម្រាបជូនថា យោងតាមមន្ត្រីអាមេរិកម្នាក់បាននិយាយថា ការដោះដូរយន្តហោះភ្លាមៗ នៅនាទីចុងក្រោយត្រូវបានធ្វើឡើងបន្ទាប់ពីចារកម្មអាមេរិកបានទទួល “ព័ត៌មានគួរឱ្យទុកចិត្ត” ថាទីក្រុងតេអេរ៉ង់កំពុងរៀបចំផែនការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ត្រាំ បន្ទាប់ពីការបន្តការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ កាលពីខែមុន៕​