C919 យន្តហោះផលិតនៅប្រទេសចិន ចាប់ផ្តើមធ្វើការហោះហើរអន្តរជាតិជាលើកដំបូង

អន្តរជាតិ

យន្តហោះ C919 ដែលផលិតដោយប្រទេសចិន បានធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះ C919 របស់ក្រុមហ៊ុន Air China បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងអ៊ូឡង់បាតា (ប្រទេសម៉ុងហ្គោលី) ហើយបានចុះចតប្រហែលពីរម៉ោងក្រោយមក។ នេះបើយោងតាមគេទំព័រតាមដានជើងហោះហើរ ​​FlightRadar24។

យ៉ាងណាមិញ នេះជាលើកដំបូងហើយដែលយន្តហោះមានតួតូចចង្អៀតនេះ បានដំណើរការនៅខាងក្រៅប្រទេសចិន។ ក្រុមហ៊ុន Air China មានគម្រោងដាក់ដំណើរការយន្តហោះ C919 នេះ សម្រាប់ជើងហោះហើររវាងទីក្រុងប៉េកាំង-អ៊ូឡង់បាតា ជារៀងរាល់ថ្ងៃ។

គួរឲ្យដឹងថា យន្តហោះ C919 គឺជាលទ្ធផលនៃការអភិវឌ្ឍអស់រយៈពេលដល់ទៅ ១៤ឆ្នាំដោយក្រុមហ៊ុន COMAC ដោយទទួលបានវិញ្ញាបនបត្រពីប្រទេសចិន នៅចុងខែកញ្ញា ឆ្នាំ២០២២ និងចាប់ផ្តើមហោះហើរពាណិជ្ជកម្មជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៣។ វាគឺជាយន្តហោះដឹកអ្នកដំណើរមានតួតូចចង្អៀត ដែលមានច្រកផ្លូវតែមួយ និងមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមាចំនួន ១៧៤នាក់ ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយយន្តហោះប្រភេទ Boeing 737 MAX និង Airbus A320neo។

យ៉ាងណាមិញ ជុំវិញការហោះហើរនេះ គឺជាជំហានមួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ជាដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារយន្តហោះដឹកអ្នកដំណើរសកល ដែលបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយក្រុមហ៊ុន Boeing របស់អាមេរិក និងក្រុមហ៊ុន Airbus របស់អឺរ៉ុប។

តែទោះជាយ៉ាងណាក៏ដោយ យន្តហោះ C919 នៅតែពឹងផ្អែកលើគ្រឿងបន្លាស់បរទេស ហើយមិនទាន់ត្រូវបានបញ្ជាក់ដោយស្ថាប័ននិយតកម្មអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក ឬអឺរ៉ុបនៅឡើយទេ។ ដែលនេះកំពុងកំណត់សមត្ថភាពរបស់យន្តហោះ C919 ក្នុងការទាក់ទាញយកអតិថិជន នៅក្នុងទីផ្សារបរទេសជាច្រើន៕​