សិង្ហបុរី បង្កើនការនាំចូលថាមពលបៃតងបន្ថែមទៀតពីប្រទេសម៉ាឡេស៊ី

អន្តរជាតិ

អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌដល់ក្រុមហ៊ុនចំនួនពីរ ដើម្បីនាំចូលថាមពលអគ្គិសនីបៃតងចំនួន ៩០០ មេហ្គាវ៉ាត់ពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ​​EMA គម្រោងទាំងនេះ ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅប្រហែលឆ្នាំ២០២៩ នឹងផ្គត់ផ្គង់អគ្គិសនីដែលផលិតដោយកសិដ្ឋានថាមពលព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពលថ្មនៅរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្ទុកថាមពលថ្ម គឺជាការរក្សាទុកអគ្គិសនីដែលផលិតចេញពីប្រភពដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម។

យ៉ាងណាមិញ ជុំវិញ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ថាមពលឆ្លងដែនរវាងសិង្ហបុរី និងម៉ាឡេស៊ី។ ហើយមិនតែប៉ុណ្ណោះ វាក៏ស្របទៅនឹងលក្ខខណ្ឌពីមុនសម្រាប់សិង្ហបុរី ដើម្បីនាំចូលអគ្គិសនីកម្រិតកាបូនទាបចំនួន ១ GW ពីរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីផងដែរ។

ការនាំចូលអគ្គិសនីកម្រិតកាបូនទាប គឺជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្ររបស់សិង្ហបុរី ក្នុងការកាត់បន្ថយឧស្ម័នកាបូនក្នុងវិស័យថាមពលរបស់ខ្លួន ដែលមានប្រហែល ៤០% នៃការបំភាយកាបូនរបស់ប្រទេស។

គួរជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ន EMA បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ និងអាជ្ញាប័ណ្ណតាមលក្ខខណ្ឌដល់គម្រោងនាំចូលអគ្គិសនីចំនួន ១៣ ដែលពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ដោយមានគោលបំណងកសាងបណ្តាញផ្គត់ផ្គង់ថាមពលស្អាតក្នុងតំបន់ និងបង្កើនសន្តិសុខថាមពលរយៈពេលវែង៕​