អាស៊ាន ដាក់គោលដៅក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី៤ ក្នុងឆ្នាំ២០៣០ ខាងមុខ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា អាស៊ានកំពុង​សម្លឹង​រកមើលលទ្ធភាពក្នុងការក្លាយជាតំបន់សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​របស់​ពិភពលោក​ នៅ​ឆ្នាំ២០៣០ ប៉ុន្តែ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​តែ​ស្ថិត​ក្រោម ២៥% នៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែសីហា ក្នុងអំឡុងពេលប្រារព្ធទិវាអាស៊ានលើកទី៥៩ លោក Hasan បានជំរុញឱ្យអាស៊ានបង្កើនទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតក្នុងចំណោមរដ្ឋជាសមាជិករបស់ខ្លួន។ យោងតាមលោក អាស៊ានបានបង្កើតយន្តការផ្សេងៗដើម្បីគាំទ្រគោលដៅនេះ ដូចជាការដឹកជញ្ជូនទំនិញដោយសេរី ដែលមានគោលបំណងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់។

យ៉ាងណាមិញ នៅមុននេះ លោក Hasan បានធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៩ របស់អាស៊ាន ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ទិវាអាស៊ានឆ្នាំនេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរឆ្ពោះទៅមុខរបស់ប្លុក។ ដោយបង្កើតឡើងនៅលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ អាស៊ានបន្តបង្ហាញពីភាពរឹងមាំ សាមគ្គីភាព និងភាពធន់របស់សហគមន៍របស់ខ្លួន។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា ការប្រារព្ធទិវាអាស៊ាននេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្លុក ខណៈពេលដែលមានការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល៕