ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ប្រកាសដកហូតងាររាជវង្សពីបុត្រប្រសារស្រីរបស់ព្រះអង្គ

អន្តរជាតិ

ស្តេចស៊ុលតង់ Bolkiah របស់ប្រទេសព្រុយណេ កាលពីពេលថ្មីៗនេះ បានប្រកាសដកហូតងាររាជវង្សទាំងអស់ពីបុត្រប្រសារស្រីរបស់ព្រះអង្គ គឺព្រះនាង Adawiyyah ដែលជាភរិយារបស់ព្រះអង្គម្ចាស់ Malik ដោយសារតែ “អាកប្បកិរិយាមិនសមរម្យ” របស់ទ្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RTB របស់ព្រុយណេ បានរាយការណ៍នៅសប្តាហ៍នេះថា ព្រះនាង Pengiran Adawiyyah ត្រូវបានចោទប្រកាន់ពីបទមិនគោរពដល់ស្តេចស៊ុលតង់ Hassanal Bolkiah និងមានអាកប្បកិរិយាមិនសមរម្យចំពោះសមាជិកនៃគ្រួសាររាជវង្សដទៃទៀត។

យ៉ាងណាមិញ ស្តេចស៊ុលតង់ Bolkiah បានសម្រេចដកហូតងាររាជវង្សទាំងអស់ពីព្រះនាង Adawiyyah ប៉ុន្តែមិនបានបញ្ជាក់ថាសកម្មភាពណារបស់ព្រះនាងណាមួយដែលទ្រង់មិនពេញចិត្តនោះទេ។ ទន្ទឹមនឹងនេះ​គ្រួសាររាជវង្សព្រុយណេក៏មិនបានផ្តល់ព័ត៌មានបន្ថែមអំពីបញ្ហានេះដែរ។

ព្រះនាង Adawiyyah បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Abdul Malik ក្នុងឆ្នាំ២០១៥ ដោយគូស្នេហ៍នេះបានប្រារព្ធពិធីមង្គលការដ៏ប្រណីតរយៈពេល ១០ថ្ងៃនៅក្នុងព្រះបរមរាជវាំង ហើយ Adawiyyah ក៏ត្រូវបានផ្តល់ងាររាជវង្សព្រុយណេចាប់តាំងពេលនោះ ផងដែរ។

គួរឲ្យដឹងថា ព្រះអង្គម្ចាស់ Malik គឺជាបុត្ររបស់ស្តេចស៊ុយតង់ Bolkiah និងម្ចាស់ក្សត្រី Saleha ខណៈព្រះនាង Adawiyyah គឺជាកូនទីដប់នៅក្នុងគ្រួសារមួយដែលមានឪពុកជាបុគ្គលិកនាយកដ្ឋានពន្លត់អគ្គីភ័យ និងម្តាយជាអ្នកបង្រៀនសាសនា។

ជម្រាបជូនថា ព្រះអង្គ Bolkiah បានកាន់តំណែងទាំងជាស្តេចស៊ុលតង់ និងជានាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៨៤ មក។ ក្នុងព្រះជន្ម ៨០ ព្រះវស្សា ព្រះអង្គ Bolkiah គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេបំផុតនៅលើពិភពលោក។ ព្រះអង្គម្ចាស់ Malik ស្ថិតនៅលំដាប់ទីបួននៃរាជបល្ល័ង្កព្រុយណេ៕​