ថ្មីៗនេះ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញត្បូងដ៏កម្ររបស់កម្ពុជា ត្រូវបានក្រុមហ៊ុន Louis Vuitton ឬ LV របស់មហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប លោក Bernard Arnault យកទៅច្នៃធ្វើជាបន្តោងខ្សែករដ៏ប្រណីតបំផុតរបស់ខ្លួន។

យោងតាមគេហទំព័រផ្លូវការរបស់ LV បានបង្ហាញច្បាស់ៗថា ខ្សែក Fortitude ត្រូវបានច្នៃឡើងជាមួយបន្តោងត្បូង Blue Zircon ពណ៌ខៀវរបស់កម្ពុជា មានទំហំជាង ៨២ ការ៉ាត់ អមជាមួយក្បាច់រចនាដ៏ប្រណីត រួមជាមួយត្បូងពេជ្រពណ៌សតូចៗរាប់រយគ្រាប់ផ្សេងទៀតនៅលើនោះ។
យ៉ាងណាមិញ បើតាមអ្នកជំនាញ ត្បូង Blue Zircon ពណ៌ខៀវនេះ គឺជាប្រភេទត្បូងដ៏កម្របំផុត ហើយវាមាននៅតែប្រទេសចំនួនប៉ុណ្ណោះ។ នៅកម្ពុជាត្បូង Blue Zircon នេះ គឺមានតែនៅក្នុងខេត្តរតនគិរីប៉ុណ្ណោះ ហើយវាត្រូវបានទទួលស្គាល់ជុំវិញពិភពលោក ចំពោះពណ៌ខៀវស្រស់ ភ្លឺចាំង និងមានគុណភាពខ្ពស់បំផុត។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន LV មិនបានបង្ហាញពីតម្លៃរបស់ខ្សែក Fortitude នេះឲ្យដឹងច្បាស់នោះឡើយ ប៉ុន្តែអ្នកជំនាញជឿជាក់ថា គ្រាន់តែត្បូង Blue Zircon ពណ៌ខៀវរបស់កម្ពុជាមួយគ្រាប់នៅលើនោះ មានតម្លៃដល់ទៅរាប់សែនដុល្លាររួចទៅហើយ៕

