មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បានធ្វើការព្រមានចំៗថារដ្ឋឈូងសមុទ្រនឹងត្រូវបានកំណត់ជាគោលដៅវាយប្រហារទ្រង់ទ្រាយធំបំផុត ប្រសិនបើពួកគេចូលរួមសហការជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Mohsen Rezaee លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានមានប្រសាសន៍នៅពេលថ្មីៗនេះថា ៖”អ៊ីរ៉ង់មិនចង់ធ្វើឱ្យមានជម្លោះនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងនោះទេ ប៉ុន្តែប្រសិនបើប្រទេសជិតខាងសហការជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ច យើងនឹងកំណត់គោលដៅលើផលប្រយោជន៍របស់ពួកគេវិញ។ ប្រសិនបើពួកគេចាប់ផ្តើមធ្វើសកម្មភាព យើងនឹងមិនអនុញ្ញាតឱ្យប្រេងមួយដំណក់ឆ្លងកាត់ឈូងសមុទ្រពែរ្សបាននោះឡើយ”។
លោក Mohsen ក៏បានព្រមានទៀតផងដែរថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីកំណត់គោលដៅវាយប្រហារលើផ្លូវវាងដែលរដ្ឋឈូងសមុទ្របានប្រើ ដើម្បីនាំចេញប្រេងក្នុងអំឡុងពេលជម្លោះនេះ។
គួរឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ថ្មីៗនេះ បានប្រើប្រាស់ផ្លូវវាងទាំងនេះ ដោយនាំប្រេងរបស់ពួកគេទៅកាន់កំពង់ផែនៅសមុទ្រក្រហម និងឈូងសមុទ្រអូម៉ង់។ ប្រេងឆៅកាន់តែច្រើនឡើងកំពុងត្រូវបានដឹកជញ្ជូនចេញពីឈូងសមុទ្រតាមរយៈផ្លូវភាគខាងត្បូង នៅជិតឆ្នេរសមុទ្រអូម៉ង់ ដែលកាត់បន្ថយឥទ្ធិពលដែលអ៊ីរ៉ង់បានប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មិនតែប៉ុណ្ណោះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ដដែលនេះ ក៏បានប្រកាសផងដែរថា ទីក្រុងតេអេរ៉ង់នឹងមិនចុះចាញ់នឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនទេ ដោយបន្ថែមថាច្រកសមុទ្រ Hormuz នឹងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះភាគីពាក់ព័ន្ធ៕

