រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអូម៉ង់ កាលពីពេលថ្មីៗនេះ បានពិភាក្សាគ្នាអំពីក្របខ័ណ្ឌសម្រាប់ការបង្កើតច្រករបៀងបណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz និងគម្រោងសម្អាតមីនតាមបណ្តោយផ្លូវសមុទ្រដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr bin Hamad Al Busaidi និងសមភាគីអ៊ីរ៉ង់ គឺលោក Abbas Araghchi បានជួបពិភាក្សាគ្នា នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៥ ខែសីហា អំពីផែនទីបង្ហាញផ្លូវជាដំណាក់កាល រួមទាំងការបង្កើតច្រករបៀងបណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz និងឯកភាពលើគម្រោងរួមគ្នាដើម្បីសម្អាតមីននៅទីនោះ។
មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនឹងបន្តការចរចាអំពីបច្ចេកទេស ដើម្បីកំណត់ច្រករបៀងសមុទ្ររយៈពេលវែង និងយន្តការគ្រប់គ្រងច្រកសមុទ្រនាពេលអនាគត ក៏ដូចជាយន្តការសម្រាប់ការចែករំលែកព័ត៌មាន ការគ្រប់គ្រងចរាចរណ៍ និងការផ្តល់សេវាសន្តិសុខ រួមទាំងសេវាកម្មសមុទ្រពាក់ព័ន្ធផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Albusaidi បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រកាសពីការបង្កើតផ្លូវឆ្លងកាត់បណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយលោកថែមទាំងបានមានប្រសាសន៍ទៀតថាការគ្រប់គ្រងច្រកសមុទ្រនាពេលអនាគត និងដំណោះស្រាយរយៈពេលវែងនឹងត្រូវបានអនុវត្តនៅពេលវេលាសមស្របណាមួយ។
គួរជម្រាបជូនផងដែរថា ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា មីនរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ទាំងអស់នៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានដកចេញ ឬបំផ្ទុះចោល។ មេសេតវិមានរូបនេះ ថែមទាំងបានព្រមានទៀតថា សហរដ្ឋអាមេរិកនឹងបំផ្លាញនាវាអ៊ីរ៉ង់ណាមួយដែលបន្តដាក់មីនបន្ថែមភ្លាមៗ៕

