ប្រធានាធិបតីអាមេរិក លោក ត្រាំ អះអាងថារុស្ស៊ី នឹងមិនវាយប្រហារមកលើដែនដីរបស់ NATO ឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រុស្ស៊ីនឹងមិនវាយប្រហារលើដែនដីរបស់អង្គការ NATO នោះឡើយ បន្ទាប់ពីមានព័ត៌មានថាទីក្រុងវ៉ាស៊ីនតោនបានធ្វើព្រមានទីក្រុងម៉ូស្គូអំពីចេតនាទាំងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី២៧ ខែសីហា ដោយលើកឡើងពីទំនាក់ទំនងជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីនថា ៖” ខ្ញុំមានកិច្ចសន្ទនាល្អៗជាមួយគាត់។ ហើយរុស្ស៊ីនឹងមិនវាយប្រហារលើដែនដីរបស់ NATO នោះឡើយ”។

គួរឲ្យដឹងថាកិច្ចសន្ទនាតាមទូរស័ព្ទជាសាធារណៈចុងក្រោយបង្អស់រវាងមេដឹកនាំអាមេរិក និងរុស្ស៊ី បានប្រព្រឹត្តទៅកាលពីខែមិថុនា។ ចំណែកការជួបគ្នាផ្ទាល់លើកចុងក្រោយរវាងប្រធានាធិបតីទាំងពីរ គឺនៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥។

យ៉ាងណាមិញ យោងតាមកាសែត Wall Street Journal និង CBS News កាលពីពេលមុននេះ​ បានរាយការណ៍ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដោយមិនបានប្រកាសមុន កាលពីថ្ងៃទី២៥ សីហា ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីកុំឱ្យវាយប្រហារលើ NATO បន្ទាប់ពីការវាយតម្លៃរបស់ស៊ើបការណ៍អាមេរិកបង្ហាញថា រុស្ស៊ីអាចនឹងប្រឈមមុខជាមួយ NATO ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានឆ្លើយតបជុំវិញបញ្ហានេះវិញថា ៖”ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយលើរឿងនេះនោះទេ ប៉ុន្តែខ្ញុំប្រាកដចិត្តថារុស្ស៊ីនឹងមិនវាយប្រហារ NATO ឡើយ”។

មិនតែប៉ុណ្ណោះ មេដឹកនាំអាមេរិករូបនេះ ក៏បានឱ្យដឹងកាលពីថ្ងៃទី២៦ សីហាថា ដំណើរទស្សនកិច្ចរបស់នាយក CIA មានលក្ខណៈពាក់កណ្តាលផ្លូវការ ឬ (semi-routine) ដោយបញ្ជាក់ថា សកម្មភាពនេះគ្រាន់តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបព្ចាប់ជម្លោះនៅអ៊ុយក្រែនប៉ុណ្ណោះ៕​