ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗទាំង៥ នៅអាស៊ីអាគ្នេយ៍រួមបញ្ចូលគ្នា កើនឡើងដល់ជាង ១១០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីកំពូលៗទាំង៥ របស់អាស៊ីអាគ្នេយ៍មានទ្រព្យសម្បត្តិសរុបបូកបញ្ជូលគ្នា កើនឡើងដល់ ១១០,៧ពាន់លានដុល្លារ ដោយក្នុងនោះប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup លោក Pham Nhat Vuong មានចំនួនទ្រព្យសម្បត្តិច្រើនដាច់គេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញឲ្យដឹងថាចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Vuong បានកើនឡើងដល់ ៣៦,៥ពាន់លានដុល្លារ និងជាប់តំណែងជាអ្នកមានបំផុតរបស់តំបន់នេះ។

យ៉ាងណាមិញ ចំពោះតំណែងទីពីរគឺធ្លាក់លើមហាសេដ្ឋីកំពង់ផែហ្វីលីពីន លោក Enrique Razon Jr. ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២០ពាន់លានដុល្លារ។ លោក Razon អាយុ ៦៦ ឆ្នាំ បានក្លាយជាអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីននៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីអ្នកមានបំផុតរបស់ប្រទេសក្នុងឆ្នាំ២០០៧ មក។

ទន្ទឹមនឹងនេះ លោក Low Tuck Kwong ប្រធានក្រុមហ៊ុនធ្យូងថ្ម Bayan Resources និងជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខបីនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសម្បត្តិប្រហែល ១៩,៣ពាន់លានដុល្លារ។

ដោយឡែកចំពោះតំណែងលេខ៤ និងលេខ៥ បច្ចុប្បន្នកាន់កាប់ដោយមហាសេដ្ឋីថៃ គឺលោក Dhanin Chearavanont ប្រធានក្រុមហ៊ុន CP Group ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៧,៦ពាន់លានដុល្លារ និងលោក Sarath Ratanavadi មហាសេដ្ឋីថាមពលថៃ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Gulf Development មានទ្រព្យសម្បត្តិប្រមាណ ១៧,៣ពាន់លានដុល្លារ៕