កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងពិចារណាទិញនាវាចម្បាំងផលិតនៅបរទេសជាលើកដំបូងបំផុត បន្ទាប់ពីខកខានអស់រយៈពេលជាងមួយសតវត្សមកហើយ។

យោងតាមគេហទំព័រ USNI News របស់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃទី១ ខែកញ្ញា ថាសេតវិមាន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងពិនិត្យឡើងវិញនូវគម្រូនាវាចម្បាំងពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងតួកគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិធីលឿនជាងមុន ដើម្បីបង្កើនកងនាវារបស់ខ្លួន។
យ៉ាងណាមិញ បញ្ជីឈ្មោះនាវាចម្បាំងដែលសហរដ្ឋអាមេរិក កំពុងពិចារណាទិញចូលនោះ រួមមាននាវាចម្បាំងប្រភេទ Mogami Class របស់ប្រទេសជប៉ុន នាវាចម្បាំង Chungnam Class របស់កូរ៉េខាងត្បូង និងនាវាចម្បាំង Istanbul Class របស់តួកគី។
គួរឲ្យដឹងថា ក្រៅពីការបញ្ជាទិញ សេតវិមាន កាលពីខែសីហា ក៏បានចេញអនុស្សរណៈមួយដើម្បីបើកផ្លូវឱ្យមន្ទីរបញ្ចកោណប្រើប្រាស់ការលើកលែងសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យមានការសាងសង់នាវាចម្បាំងសហរដ្ឋអាមេរិក នៅខាងក្រៅប្រទេសផងដែរ។
ជម្រាបជូនថា សហរដ្ឋអាមេរិកកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីស្វែងរកជម្រើសថ្មីៗសម្រាប់ការកសាងកងទ័ពជើងទឹករបស់ខ្លួនឡើងវិញ បន្ទាប់ពីការដួលរលំនៃកម្មវិធីផលិតនាវាចម្បាំង Constellation Class ដែលជាការផលិតរួមគ្នារវាងសហរដ្ឋអាមេរិក បារាំង និងអ៊ីតាលី៕

