កូរ៉េខាងត្បូង ថាក្រុមហ៊ុនអាមេរិកនឹងបោះទុនវិនិយោគ ២ពាន់លានដុល្លារលើបន្ទះឈីប និងថាមពលក្នុងប្រទេសខ្លួន

អន្តរជាតិ

ក្រសួងឧស្សាហកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃទី៤ កញ្ញាថា ក្រុមហ៊ុនអាមេរិកចំនួនបួនបានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់សរុបចំនួន ២ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង លើឧបករណ៍អេឡិចត្រូនិក បន្ទះឈីបទំនើបៗ និងថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានបង្ហាញឲ្យដឹងទៀតថា ការវិនិយោគទាំងនេះត្រូវបានប្រកាសក្នុងអំឡុងពេលពិធីមួយដែលចូលរួមដោយរដ្ឋមន្ត្រីឧស្សាហកម្ម លោក Kim Jung-kwan នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នឧស្សាហកម្ម Air Products របស់សហរដ្ឋអាមេរិក នឹងពង្រីករោងចក្រឧស្ម័ននៅ Pyeongtaek ហើយក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Axcelis ក៏នឹងពង្រីកការផលិតរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតសម្ភារៈទំនើប Corning នឹងវិនិយោគលើអេក្រង់ទំនើបៗ និងសម្ភារៈផ្សេងទៀតដែលប្រើក្នុងអេក្រង់ និងឧបករណ៍អេឡិចត្រូនិក ស្របពេលក្រុមហ៊ុនអភិវឌ្ឍថាមពលកកើតឡើងវិញ Pacifico Energy នឹងជំរុញគម្រោងខ្យល់នៅតំបន់ឆ្នេរសមុទ្រ ភាគនិរតីនៃប្រទេស ដល់ទំហំ ៣,២ ជីហ្គាវ៉ាត់ ផងដែរ៕​