ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងបណ្តឹងនៅទីក្រុងឡុងដ៍ក្នុងទំហំទឹកប្រាក់ ២ពាន់លានផោន (២,៧ពាន់លានដុល្លារអាមេរិក) ពាក់ព័ន្ធនឹងវិធានការតាមដានកម្មវិធីរបស់ខ្លួន ដោយក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះរងការចោទប្រកាន់ថាបានរំលោភបំពានអំណាចរបស់ខ្លួន ក្នុងការរឹតបន្តឹងដោយអយុត្តិធម៌លើភាគីទីបី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
![]()
បណ្តឹងនេះត្រូវបានដាក់ទៅកាន់តុលាការឧទ្ធរណ៍ប្រកួតប្រជែងទីក្រុងឡុងដ៍ (Competition Appeal Tribunal) កាលពីថ្ងៃទី៣ ខែកញ្ញា បន្ទាប់ពីមានការពិនិត្យតាមដានយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរអស់រយៈពេលជាច្រើនឆ្នាំលើមុខងារ App Tracking Transparency របស់ Apple ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២១។
ជុំវិញបញ្ហានេះ Apple បានលើកឡើងថា ខ្លួនបានដាក់ចេញមុខងារនេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើត្រូវផ្តល់ការអនុញ្ញាតឱ្យកម្មវិធីផ្សេងៗតាមដានសកម្មភាពរបស់ពួកគេនៅលើកម្មវិធី និងគេហទំព័ររបស់ក្រុមហ៊ុនផ្សេងទៀតឬយ៉ាងណា។
តែទោះជាយ៉ាងណាក៏ដោយ មេធាវីដែលតំណាងឱ្យដើមបណ្តឹងប្រឆាំងនឹង Apple បាននិយាយថា មុខងារនេះបានដាក់ចេញនូវតម្រូវការប្រកបដោយការរឹតបន្តឹងខ្លាំងជាងមុនលើអ្នកអភិវឌ្ឍកម្មវិធីភាគីទីបី បើប្រៀបធៀបនឹងសេវាកម្មផ្ទាល់ខ្លួនរបស់ Apple ដែលធ្វើឱ្យពួកគេទួលបានផលប្រយោជន៍លើការប្រកួតប្រជែង។
ទន្ទឹមនឹងនេះ លោកស្រី Ann Pope អតីតមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរប្រកួតប្រជែង និងទីផ្សាររបស់ចក្រភពអង់គ្លេស (CMA) ដែលជាអ្នកដឹកនាំបណ្តឹងនេះ បានថ្លែងថា គោលនយោបាយរបស់ Apple បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មទាំងឡាយណាដែលពឹងផ្អែកលើ Apple ៕

