ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងទាមទារឱ្យប្រទេសនៅអឺរ៉ុបសងប្រាក់រាប់រយពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្តល់ទៅឱ្យអ៊ុយក្រែន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី៣ ខែកញ្ញាថា ៖”ប្រាក់រាប់រយពាន់លានដុល្លារត្រូវបានផ្តល់ឱ្យអ៊ុយក្រែន និងអង្គការណាតូ។ អឺរ៉ុបគួរតែបានបង់ប្រាក់ទាំងនោះត្រលប់មកឲ្យអាមេរិកវិញ។ ទោះបីជាយឺតបន្តិច៏ដោយ តែយើងចង់បានប្រាក់ទាំងនោះមកវិញ”។
យ៉ាងណាក៏ដោយ មេសេតវិមានរូបនេះមិនបានបញ្ជាក់ថាប្រទេសណាមួយដែលនឹងត្រូវទទួលបន្ទុកចំណាយនៃការទូទាត់ទឹកប្រាក់ដ៏ច្រើននេះនោះទ។ លោក ត្រាំ កាលពីថ្ងៃទី៦ ខែសីហាបាននិយាយថា លោក បៃដិន បានផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារ។
វាមិនច្បាស់ទេថាតួលេខ ៣០០ពាន់លានដុល្លារនេះ លោក ត្រាំ ទទួលបានមកពីណានោះទេ។ ពីមុនលោកបានអះអាងថា លោក បៃដិន បានផ្តល់ជំនួយសរុបដល់ទៅ ៥០០ពាន់លានដុល្លារទៅអ៊ុយក្រែន ខណៈពេលដែលប្រធានាធិបតី លោក Zelensky បាននិយាយថាចំនួនសរុបគឺមានត្រឹមតែប្រហែល ១០០ពាន់លានដុល្លារប៉ុណ្ណោះ។
គួរឲ្យដឹងថា អឺរ៉ុប បានបង្កើនការបែងចែកជំនួយរបស់ខ្លួនយ៉ាងច្រើនដល់អ៊ុយក្រែន នៅដើមឆ្នាំនេះ ប៉ុន្តែទ្វីបនេះនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាជំនួយយោធាដល់ទីក្រុងគៀវ។ នេះបើយោងតាមការចុះផ្សាយពីវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។
ជម្រាបជូនថា ជុំវិញស្ថានភាពនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតី ត្រាំ បានបដិសេធការចោទប្រកាន់ថាយោធាអាមេរិកកំពុងអស់គ្រាប់រំសេវក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់។ លោកបាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនស្តុករបស់ខ្លួន និងរៀបចំសម្រាប់គ្រាអាសន្ន ហើយបានបញ្ឈប់ការលក់អាវុធទៅបរទេសជាបណ្តោះអាសន្ន៕

