តម្លៃប្រេងសាំងនៅអឺរ៉ុបបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់រយៈពេលពីរទសវត្សចុងក្រោយ

អន្តរជាតិ

តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងដល់កម្រិតកំណត់ត្រាកាលពីសប្តាហ៍មុន ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Euronews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីគណៈកម្មការអឺរ៉ុប (EC) តម្លៃជាមធ្យមនៃសាំងមួយលីត្រក្នុងសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនគឺ ២,០៦៣អឺរ៉ូ ខណៈពេលដែលប្រេងម៉ាស៊ូតកើនឡើងដល់ ២,១៥៩អឺរ៉ូ។ ប្រេងឥន្ធនៈទាំងពីរប្រភេទនេះបានស្ទុះឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៥ មក។

យ៉ាងណាមិញ​ ផ្អែកលើតម្លៃជាមធ្យមចុងក្រោយនេះ អ្នកបើកបរត្រូវចំណាយប្រហែល ១០៣អឺរ៉ូ ដើម្បីចាក់សាំងពេញធុងចំណុះ ៥០លីត្រ និង ១០៨អឺរ៉ូ សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃមានភាពខុសប្លែកគ្នាច្រើននៅតាមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដោយថោកជាងគេនៅប្រទេសម៉ាល់តា (Malta) ដែលប្រេងសាំងត្រូវបានដាក់លក់ក្នុងតម្លៃ ១,៣៤អឺរ៉ូ និងថ្លៃជាងគេនៅប្រទេសដាណឺម៉ាក ដែលមានតម្លៃប្រមាណ ២,៥៦អឺរ៉ូក្នុងមួយលីត្រ។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Guardian នៅទូទាំងសហភាពអឺរ៉ុប តម្លៃសាំង និងប្រេងម៉ាស៊ូតមានកម្រិតខ្ពស់ជាងមុន ២៤% និង ៣៨% រៀងគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រេងឥន្ធនៈយន្តហោះបានកើនឡើងជាង ១០០%។

ជម្រាបជូនថា តម្លៃប្រេងឥន្ធនៈបានស្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា ដែលបង្កើតជាសម្ពាធអតិផរណាកាន់តែខ្លាំងឡើង។ យោងតាមធនាគារកណ្តាលអឺរ៉ុប (ECB) អតិផរណាថាមពលនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ុប (eurozone) បានកើនឡើងដល់ ១៤,៣% នៅក្នុងខែសីហា ពោលគឺកើនឡើងពី ១០,៣% នៅក្នុងខែកក្កដា៕