ចិន បណ្តេញឧត្តមសេនីយ៍ជាន់ខ្ពស់ពីររូបចេញពីតំណែង ពាក់ព័ន្ធនឹងការល្មើសវិន័យធ្ងន់ធ្ងរ

អន្តរជាតិ

ប្រទេសចិន បានសម្រេចបណ្តេញឧត្តសេនីយ៍ Zhang Youxia និង Liu Zhenli ចេញពីបក្សកុម្មុយនីស្ត បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ក្នុងការស៊ើបអង្កេតមួយពីបទល្មើវិន័យធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍នៅថ្ងៃទី២១ ខែកញ្ញា ថា លោក Zhang Youxia អតីតអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងលោក Liu Zhenli ប្រធានសេនាធិការនៃនាយកដ្ឋានសេនាធិការរួមនៃគណៈកម្មការយោធាមជ្ឈិម ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្តចិន។

គួរឲ្យដឹងថា ឧត្តមសេនីយ៍ Zhang និង Liu ត្រូវបានចោទប្រកាន់ពីបទល្មើសវិន័យធ្ងន់ធ្ងរ និងមានសញ្ញានៃការប្រព្រឹត្តបទល្មើសទាក់ទងនឹងតំណែងរបស់ពួកគេ រួមមានអំពើពុករលួយ ការកេងចំណេញ និងការធ្វេសប្រហែសផងដែរ។

ប្រភពព័ត៌មានដដែលបានរាយការណ៍ទៀតថា លោក Zhang Youxia និង Liu Zhenli មិនស្មោះត្រង់នឹងបក្ស ហើយបានបង្កើតបក្ខពួក ទាញយកផលប្រយោជន៍ពីតំណែងរបស់ខ្លួនដើម្បីជួយអ្នកដទៃឱ្យឡើងតំណែង និងទទួលប្រាក់ព្រមទាំងអំណោយដោយខុសច្បាប់។

ជម្រាបជូនថា កាលពីខែមករា ក្រសួងការពារជាតិចិនបានប្រកាសថា លោក Zhang និងលោក Liu កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការចោទប្រកាន់ពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់ ដែលត្រូវបានគេសំដៅលើអំពើពុករលួយ។ ឧត្តមសេនីយ៍ទាំងពីររូបត្រូវបានដកចេញពីតំណែងជាសមាជិកនៃគណៈកម្មការយោធាមជ្ឈិម នៅចុងខែសីហា៕​